(សិង្ហបុរី)៖ សិង្ហបុរី បានដកខ្លួនចេញពីការចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតពហុកីឡា Commonwealth Games នៅឆ្នាំ២០២៦។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។
ស្ថាប័ន Sport Singapore និង Commonwealth Games Singapore (CGS) បានលើកឡើងនៅថ្ងៃពុធថា «ពួកគេបានសិក្សាលើលទ្ធភាព នៃការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Commonwealth Games ឆ្នាំ២០២៦ ហើយបានសម្រេចចិត្តមិនធ្វើការដេញថ្លៃណាមួយ ដើម្បីធ្វើជាម្ចាស់ផ្ទះនោះទេ»។
ការលើកឡើងនេះ បានធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីសិង្ហបុរីបានលើកឡើងថា ខ្លួនបាននឹងកំពុងវាយតម្លៃលើលទ្ធភាព តាមការអញ្ជើញរបស់សហព័ន្ធកីឡា Commonwealth Games Federation (CGF) ដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ក្នុងឆ្នាំ២០២៦។
ស្ថាប័ន SportSG និង CGS បានប្រាប់ CNA កាលថ្ងៃទី១៤ ខែមីនាថា នៅអំឡុងពេលមហាសន្និបាតកាលពីខែវិច្ឆិកាឆ្នាំមុន CGF បានអញ្ជើញសមាគមជាសមាជិកទាំងអស់ ក្នុងនោះរួមទាំងសិង្ហបុរីផងដែរ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បន្ទាប់ ពោលគឺឆ្នាំ២០២៦។
ក្រៅពីសិង្ហបុរី រដ្ឋ Victoria របស់អូស្ត្រាលីក៏បានប្រកាសដកខ្លួនចេញពីការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ឆ្នាំ២០២៦ ដោយបានអះអាងថា ការចំណាយនៃគម្រោងនេះលើសពីការរំពឹងទុក៕