(ឡុងដ៍)៖ អ្នកចាត់ការក្លិប Burnley លោក Vincent Kompany ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តខុស បន្ទាប់ពីបុរសសញ្ជាតិបែលហ្សិករូបនេះ បានប្រឆាំងតវ៉ាជាមួយនឹងការសម្រេចចិត្ត របស់មន្ត្រីអាជ្ញាកណ្តាល ចំពោះការផ្តល់បាល់ពិន័យ ក្នុងការប្រកួតស្មើ ២-២ ទល់នឹង Chelsea។ នេះបើតាមការបញ្ជាក់ពី សមាគមបាល់ទាត់អង់គ្លេស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។

Kompany បានទទួលកាតក្រហម ចំពោះការតវ៉ានឹងការសម្រេចផ្តល់បាល់ ១១ម៉ែត្រនៅពេលដែលកីឡាករ Lorenz Assignon របស់ Burnley បានទទួលកាតលឿងលើកទី២ ដែលធ្វើអោយក្រុមនៅសល់សមាជិក ១០នាក់។

«មានការចោទប្រកាន់ថា ភាសា ឬក៏អាកប្បកិរិយារបស់អ្នកចាត់ការនៅនាទី៤០ មានភាពមិនសមរម្យ ឬក៏បំពាន ប្រមាថ ចំពោះមន្ត្រីការប្រកួត ឬចោទសួរពីភាពសុចរិតរបស់ពួកគេ»។ FA បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

លោក Kompany បានខកចិត្ត​ ក្រោយមកបាននិយាយថា ស្តង់ដារអាជ្ញាកណ្តាលនៅលីគ Premier League បានធ្លាក់ចុះក្នុងរដូវកាលនេះ។

លោកមានពេលវេលារហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់ FA។

សូមជម្រាបថា Burnley កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៩ ក្នុងតារាង Premier League ដោយនៅសល់ ៧ប្រកួតទៀត មុនពេលបិទរដូវកាល៕