(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌកំបូល បានលើកឡើងថា សកម្មភាពកីឡា បានរួមចំណែកអភិវឌ្ឍ និងរក្សាការពារកម្លាំងកាយបញ្ញា ស្មារតី និងសីលធម៌មនុស្ស ព្រមទាំងរួមចំណែកលើកកម្ពស់ សុខុមាលភាពរបស់សិស្ស និស្សិត និងប្រជាជនគ្រប់រូប និងបានកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម។

ការលើកឡើងបែបនេះ របស់លោកស្រី ក្នុងឱកាសបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ខណ្ឌកំបូល រដូវកាលទី៣ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានទ័ពពិសេស នាល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំពិធី និងដំណើរការនៃការប្រកួតនេះ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអភិបាលខណ្ឌកំបូល, លោកឧត្ដមសេនីយ៍ទោ មេបញ្ជាការនៃបញ្ជាការដ្ឋានទ័ពពិសេស ដែលបានចូលរួមគាំទ្រក្នុងការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់ ខណ្ឌកំបូល រដូវកាលទី៣ តាំងពីចាប់ផ្តើមពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃបិទបញ្ចប់នាថ្ងៃនេះ នាថ្ងៃទី០៣ ខែមេសានេះ ដែលមានក្រុមកីឡាករចូលរួមប្រកួតប្រជែងចំនួន១២ក្រុម មកពីសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល។

លោកស្រីបន្ដថា ដើម្បីលើកទឹកចិត្ត និងជំរុញឲ្យប្រជាជនចូលរួមលេងកីឡា ឲ្យបានកាន់តែច្រើន រាជរដ្ឋាភិបាលបានបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេថារចនាសម្ព័ន្ធ តាមរយៈការរៀបចំ ឲ្យមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានឧទ្យានបៃតង និងទីធ្លាសម្រាប់លំហាត់ប្រាណ និងកីឡា ដើម្បីទ្រទ្រង់សុខភាព និងសុខុមាលភាពប្រជាជនទាំងផ្លូវកាយ និងផ្លូវចិត្ត។ រាជរដ្ឋាភិបាលបានពង្រីកការវិនិយោគ ជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម ដែលក្នុងនោះការអភិវឌ្ឍវិស័យកីឡា គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ក៏ដូចបច្ចុប្បន្ន។ វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ ពង្រឹងទំនាក់ទំនង បង្កើនសាមគ្គីភាព និងលើកកម្ពស់មូលធនសង្គម ដែលទាំងនេះគឺជាកត្តាកំណត់ដ៏សំខាន់ ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធផលខ្ពស់។

ជាងនេះទៀត ការរៀបចំកម្មវិធីកីឡា ក៏ដូចជាការចូលរួមក្នុងការប្រកួតកីឡា និងបង្កើនការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធរវាងកីឡាករ កីឡាការិនី រវាងប្រទេស និងប្រទេស រវាងប្រជាជន និងប្រជាជន។ វិស័យកីឡា ក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរលើវិស័យជាច្រើន ទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីរបស់ប្រជាជាតិនីមួយៗ។

រាជរដ្ឋាភិបាល បានចាត់ទុកការហ្វឹកហាត់អប់រំកាយ និងកីឡា គឺជាសិទ្ធិមូលដ្ឋានសម្រាប់ទាំងអស់គ្នា និងជាធាតុផ្សំដ៏សំខាន់នៃការអប់រំពេញមួយជីវិត។ លើសពីនេះទៀត សកម្មភាពកីឡា រួមចំណែកអភិវឌ្ឍ និងរក្សាការពារកម្លាំងកាយបញ្ញា ស្មារតី និងសីលធម៌របស់មនុស្ស ព្រមទាំងរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់សិស្ស និស្សិត និងប្រជាជនគ្រប់រូប និងបានកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី។

ជាមួយគ្នានេះ លោក ឃឹម ស៊ុនសូដា បានជម្រាបជូនថា ការប្រកួតបាល់ទាត់ពានរង្វាន់ខណ្ឌកំបូលត្រូវបានរៀបចំឡើង៣រដូវកាលមកហើយ ចាប់តាំងពីឆ្នាំ២០២០មក ហើយនៅរដូវកាលទី៣ ដែលកំពុងរៀបចំក្នុងឆ្នាំ២០២៤នេះមានក្រុមកីឡាករចូលរួមប្រកួតប្រជែងចំនួន១២ក្រុមមកពីសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល ឆ្នាំ២០២៤នេះ គឺជាការប្រកួតផ្តាច់ព្រ័ត្រស្វែងរកម្ចាស់ជើងឯក រវាងក្រុមបាល់ទាត់កំបូលA និងក្រុមបាល់ទាត់ស្នោរA។

ចំពោះក្រុមជ័យលាភី និងប្រាក់រង្វាន់រួមមាន៖ ក្រុមជើងឯកគ្រប់គ្រងដោយ ក្រុមបាល់ទាត់កំបូលA ដោយទទួលបានពាន១អមដោយថវិកា៦លានរៀល បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់ស្នោរA ដោយលទ្ធផលទាត់បាល់១១ម៉ែត្រកាត់សេចក្តី ក្រោយរក្សាលទ្ធផលស្មើគ្នាក្នុងការប្រកួតពេញម៉ោង ២ទល់២។ ចំពោះក្រុមស្នោរ A ដែលជាក្រុមជើងឯករង ទទួលបានថវិកា ៤លានរៀល។ ចំពោះចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់បឹងធំA ទទួលបានថវិកា ២លានរៀល។

លោក ឃឹម ស៊ុនសូដា បានគូសបញ្ជាក់ថា តាមរយៈលទ្ធផលនៃការប្រកួតរវាងក្រុមទាំង១២ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ រដ្ឋបាលខណ្ឌកំបូល នឹងសម្រិតសម្រាំងជ្រើសរើសយកកីឡាករឆ្នើមៗចំនួន ២២នាក់ ដើម្បីទៅចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ SOCCER LEAGUE លើកទី៧ ឆ្នាំ២០២៤ នាពេលខាងមុខ៕