(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ FC Kaiserslautern បានបញ្ចប់មហិច្ឆតាឡើងវគ្គផ្តាច់ព្រ័ត្ររបស់គូប្រជែង FC Saarbrucken តាមរយៈលទ្ធផលឈ្នះ ២ទល់នឹង០ នាយប់មិញនេះពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានលំដាប់ទី២ អាល្លឺម៉ង់ German Cup 2023-2024។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Kaiserslautern ត្រូវរង់ចាំអស់ ២១ឆ្នាំ ដើម្បីឈានទៅផ្តាច់ព្រ័ត្រ German Cup លើកដំបូងរបស់ពួកគេ ដោយនឹងត្រូវប៉ះគូប្រជែងរវាងក្រុមឈ្នះ Fortuna Dusseldorf ទល់នឹងក្រុមលេងមិនទាន់ចាញ់ Bayer Leverkusen នៅរាត្រីនេះ ក្នុងការបញ្ចប់វគ្គ ៤ក្រុមចុងក្រោយ។

បេសកកម្មរបស់ក្រុមលេងក្នុងក្របខណ្ឌទី៣ អាល្លឺម៉ង់ FC Saarbruken ត្រូវបានបញ្ចប់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមបានបង្កការភ្ញាក់ផ្អើលខ្លាំង ដោយបានទម្លាក់ក្រុមខ្លាំង Bayern Munich, Borussia Monchengladbach និង Eintracht Frankfurt ដើម្បីឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលកីឡាករ Marlon Ritter និង Almamy Toure រកបានម្នាក់ ១គ្រាប់ទម្លាក់ពួកគេនៅរាត្រីឆ្លងចូលថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)។

Kaiserslautern បានឡើងទៅឈរចាំមុនវគ្គផ្តាច់ព្រ័ត្រជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០៣ ជាទីដែលពួកគេបានលេងចាញ់ Bayern Munich ក្នុងវគ្គដណ្តើមពាន៕