(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរលំដាប់ប្រទេស ម៉ឺន មេឃា នឹងចេញទៅចូលរួមកម្មវិធីប្រកួត CKL (Chinses Kickboxing Premier League) នៅទីក្រុងកោះហាយណាន ប្រទេសចិន នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ចុងសប្ដាហ៍នេះ ដោយត្រូវជួបតតាំងជាមួយកីឡាករជើងខ្លាំងលំដាប់ប្រទេសដូចគ្នា គឺកីឡាករ Fang Kejin លើប្រភេទវិញ្ញាសាកីឡាឃីកបុកស៊ីង ។

លោក ថមមី គីម ទីប្រឹក្សាស្ថានីយ៍ទូរទស្សន៍ថោន និងជាប្រធានស្ថាប័ន IP ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃអង្គារថា ការបញ្ជូន ម៉ឺន មេឃា ទៅចូលរួមកម្មវិធីដ៏ធំនេះ ក្រោយទទួលបានការអញ្ជើញពីភាគីចិន បន្ទាប់ពីមានកិច្ចសហការរៀបចំព្រឹត្តិការណ៍ប្រកួតក្បាច់គុនខ្មែរ និងក្បាច់គុនកុងហ្វូ “សៅលីន” (Kun Khmer Kung Fu) កាលពីចុងខែមករាកន្លងទៅ ។

លោកថា ក្រោយបញ្ចប់ព្រឹត្តិការណ៍ដ៏កក្រើកលើទឹកដីកម្ពុជា ភាគីចិន ក៏បានចាប់អារម្មណ៍ជាខ្លាំង ចំពោះសមត្ថភាពកីឡាករកម្ពុជា ពិសេសកីឡាករ ម៉ឺន មេឃា ហើយបានអញ្ជើញរូបគេទៅប្រកួតនៅចិនវិញម្ដង ដោយផ្គូរផ្គងឲ្យជើងកីឡាករ Fang Kejin ម្ចាស់ជើងឯក និងជើងឯករង ៥ឆ្នាំ ក្នុងកម្មវិធីផ្សេងៗគ្នា លើវិញ្ញាសាកីឡាឃីកបុកស៊ីង នាថ្ងៃទី០៦ ខែមេសាចុងសប្ដាហ៍នេះ ។

តាមពិតភាគីចិន បានអញ្ជើញកូនប្រុសច្បងលោក អេ ភូថង ដើម្បីចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ដ៏ធំមួយ កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ តែដោយសារពេលវេលាជាន់គ្នា ព្រោះកីឡាករជាប់រវល់ប្រកួត ទើបស្ថាប័ន CKL រៀបចំជំនួបដ៏កម្រ រវាង ម៉ឺន មេឃា និង Fang Kejin នាថ្ងៃទី០៦ ខែមេសានេះវិញ ដែលជាការប្រកួតលក្ខណៈជើងឯកពានរង្វាន់ដ៏ធំប្រចាំកម្មវិធីផងដែរ ។ លោក ថមមី គីម បន្ថែម ។

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្ថានីយ៍ទូរទស្សន៍ថោន ដែលបានរៀបចំព្រឹត្តិការណ៍ធំៗជាបន្ដបន្ទាប់ ហើយបានផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយដៃគូអន្ដរជាតិ ដើម្បីបញ្ជូនកីឡាករកម្ពុជាទៅចូលរួមប្រកួត មិនថាកីឡាគុនខ្មែរ ឬឃីកបុកស៊ីង សុទ្ធតែមានផលចំណេញសម្រាប់ក្បាច់គុនបុរាណខ្មែរ ។

គួរដឹងថា Fang Kejin ដែលត្រៀមស្វាគមន៍ ម៉ឺន មេសា ថ្ងៃសៅរ៍នេះ មានប្រវត្តិមិនធម្មតាឡើយ ដោយរូបគេ ធ្លាប់គ្រងជើងឯករងកម្មវិធី 8MAN ប្រចាំប្រទេសចិន ឆ្នាំ២០១៩ មុនឈ្នះខ្សែក្រវាត់អ៊ូលីងហ្វុង ឆ្នាំ២០២០ ។ បន្ទាប់មក គេបានឈ្នះជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ មុនគ្រងជើងឯកកម្មវិធី CKL ២ឆ្នាំជាប់គ្នា នៅឆ្នាំ២០២២-២០២៣។ ដូច្នេះចាំមើលតើ មេឃា អាចធ្វើឲ្យអ្នកគុននិយមភូមិភាគកណ្ដាលប្រទេសចិនជ្រួលច្របល់បានទេនាចុងសប្ដាហ៍នេះ?