(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ Leicester City បានបញ្ចេញរបាយការណ៍ខាតបង់ប្រាក់ប្រមាណ ៨៩.៧លានផោន ស្មើនឹង ១១៣លានដុល្លារ ប្រហាក់ប្រហែលទៅនឹងក្លិបស្ករគ្រាប់ Everton ផងដែរ ខុសពី Brighton ចំណេញបាន ១៥៤លានដុល្លារទៅវិញ សម្រាប់រដូវកាលឆ្នាំ២០២២-២០២៣។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នេះជារបាយការណ៍ខាតបង់ប្រាក់ក្នុងលីគ Premier League ៣រដូវកាលចុងក្រោយជាប់ៗគ្នា ដែលសរុបរួមមានដល់ទៅជាង ២១៥លានផោនឯណោះ មុនពេល Leicester ត្រូវបានកាត់ចេញទៅលេងក្នុងក្របខណ្ឌទី២ Championship នៅរដូវកាលមុនផងដែរ។

ជាមួយគ្នានោះ ក្លិបកញ្ជ្រោងខៀវ ក៏បានរងទណ្ឌកម្មដោយ Premier League កាលពីខែមុន ក៏ព្រោះតែល្មើសទៅនឹងបម្រាមហិវញ្ញវត្ថុ (PSR) ក្នុងការខាត់បង់ប្រាក់លើសពី ១០៥លានផោន ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។

ងាកទៅ Brighton Hove & Albion ឯណោះវិញ ទទួលបានប្រាក់ចំណេញ ១២២.៨លានផោននារដូវកាលមុន ដែលជាឆ្នាំដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តរបស់ពួកគេដែរ។

គួរកត់សម្គាល់ផងថា Brighton ត្រូវបានលោក Tony Bloom ទិញយកមកគ្រប់គ្រងនាអំឡុងឆ្នាំ២០០៩ ចំពេលដែលពួកគេកំពុងលេងក្នុងក្របខណ្ឌ League One ផងដែរ៕