(តិចសាស់)៖ ក្រុមបាល់ទាត់ជម្រើសជាតិសហរដ្ឋអាមេរិក បានគ្រងតំណែងជើងឯកពាន Concacaf Nations League 2024 បន្ទាប់ពីយកឈ្នះស្រួលៗទៅលើគូប្រជែងមិចស៊ិក ដោយលទ្ធផល ២ទល់នឹង០ កាលពីរាត្រីថ្ងៃចន្ទ នៃវគ្គផ្តាច់ព្រ័ត្រដែលមានការពន្យារពេលដល់ទៅ ៣ដងផងដែរ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង Arlington នៃរដ្ឋតិចសាស់ផងនោះ គឺមានការពន្យារដល់ទៅ ៣លើក ពោលគឺនៅនាទីទី៨៦ម្តង និង ២លើកទៀតផ្សេងទៀត នៅក្នុងនាទីថែមបង្រ្គប់ម៉ោង ៩០នាទី ដោយសារតែការរំខានដោយក្រុមអ្នកគាំទ្រក្នុងកីឡដ្ឋានតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្នុងប្រកួតនោះដែរ កីឡាករ Tyler Adams ជាអ្នករកបានគ្រាប់ទី១ ឱ្យអាមេរិកនៅចុងម៉ោងនៃវគ្គទី១ និងជាគ្រាប់ទី២ របស់គេផងដែរជាមួយជម្រើសជាតិឈុនធំ មុនពេលមិត្តរួមរួមជាតិ Reyna ធ្វើបានសម្រេចគ្រាប់ទី២ ទៀតនៅនាទី៦៣ និងជាគ្រាប់ទី៨ របស់លោកផងដែរជាមួយអាមេរិក។

គួរបញ្ជាក់ផងថា អាមេរិកដែលជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ជាមួយកាណាដា និងមិចស៊ិកផងនោះ គឺបានឈ្នះជើងឯក Concacaf Nations League ទាំង ៣សម័យតែម្តង គិតចាប់តាំងពីពានរង្វាន់ចាំតំបន់អាមេរិកខាងជើងមួយនេះ ត្រូវបានបង្កើតឡើងដំបូងតាំងពីរដូវកាលឆ្នាំ២០១៩-២០២០ មក៕