(ប៉េកាំង)៖ កីឡាករស្នូកឃើ ឈរនៅលំដាប់លេខ២ ពិភពលោក Judd Trump បន្តកាន់ពាន World Open 2024 ទៀត ក្រោយពេលយកឈ្នះគូប្រជែង Ding Junhui របស់ម្ចាស់ផ្ទះចិននៅវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃអាទិត្យ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា កីឡាករអន្តរជាតិអង់គ្លេស វ័យ ៣៤ឆ្នាំ Trump បានយកឈ្នះកីឡាករម្ចាស់ផ្ទះចិន Ding ដោយលទ្ធផល ១០ទល់នឹង៤ និងទទួលបានរង្វាន់ជាទឹកប្រាក់ប្រមាណ ១៧ម៉ឹនផោនផងដែរ សម្រាប់កីឡាករជយលាភី។

ក្នុងប្រកួតផ្តាច់ព្រ័ត្រដែលមានដល់ទៅ ១៩សិតផងនោះ Trump បានបើកការនាំមុខដល់ទៅ ៧-២ ដោយមាន លំដាប់ពិន្ទុខ្ពស់បំផុតត្រឹមតែ ៨៨ ៧៩ និង ៧៨ពិន្ទុ សម្រាប់វគ្គទី១ ដែលបានធ្វើឡើងនៅទីក្រុង Yushan ប្រទេសចិនកាលពីរាត្រីថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤។

តែយ៉ាងណាសម្រាប់វគ្គទី២ ដែលនៅសល់ កីឡាករដែលតាមពីក្រោយមិត្តរួមជាតិ Ronnie O’Sullivan នៃតារាងចំណាត់ថ្នាក់ពិភពលោកនោះ ធ្វើបានយ៉ាងល្អថែមទៀតដោយវាយបានពិន្ទុខ្ពស់ដល់ទៅ ១៣០ ១០៦ និង ៨៥ពិន្ទុថែមទៀត ដើម្បីគ្រងជើងឯក World Open 2024 តែម្តង ក្រោយរូបគេឈ្នះពាននេះចុងក្រោយក្នុងឆ្នាំ២០១៩ មុនពេលខកខានរៀបចំ ៤ឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩៕