(ភ្នំពេញ)៖ ពិព័រណ៍ទំនិញគុណភាពខ្ពស់អន្តរជាតិ (International Best Buy Exhibition-IBB), ដែលពីមុនត្រូវបានគេស្គាល់ថាជា «ពិព័រណ៍ទំនិញគុណភាពខ្ពស់ (Best Buy-BB)» គឺជាពិព័រណ៍មួយ ក្នុងចំណោមពិព័រណ៍ ដែលមានអ្នកទស្សនាច្រើនបំផុត ហើយដែលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៧។

ក្នុងសន្នីសីទសារព័ត៌មាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ តំណាងក្រុមហ៊ុន បានឲ្យដឹងថា ពិព័រណ៍ទំនិញគុណភាពខ្ពស់អន្តរជាតិ គឺជាពិព័រណ៍ពាណិជ្ជកម្ម និងទំនិញប្រើប្រាស់ ដែលនឹងរៀបចំឡើង ចាប់ពីថ្ងៃទី ៥-៧ ខែមេសា ឆ្នាំ ២០២៤ ទៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ, រាជធានីភ្នំពេញ។

ពិព័រណ៍នេះ នឹងបើកជូនសាធារណជន ចូលទស្សនាដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ ព្រឹក ដល់៩ យប់។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ, នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៤ ក៏នឹងមាន «ជំនួបពាណិជ្ជករ» ផងដែរ ។ កម្មវិធីជំនួបនេះ នឹងអនុញ្ញាតឲ្យអ្នកតាំងពិព័រណ៍ នៅក្រៅប្រទេស មានឱកាសជួបជាមួយសហគ្រិនខ្មែរ ដែលមានបំណងចង់ក្លាយជាអ្នកចែកចាយបន្តនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនកម្ពុជា ក៏អាចផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់ ក្រុមហ៊ុនបរទេស ដែលបានមកចូលរួមការតាំងពិព័រណ៍នេះផងដែរ។ បន្ថែមពីនេះ នៅថ្ងៃទី ៦ និងទី៧ ខែមេសា គឺជាថ្ងៃដែលនឹងមានការបើកឲ្យមានសកម្មភាពទូទៅសម្រាប់ពាណិជ្ជករ និងសាធារណៈជន។

ពិព័រណ៍នេះ នឹងមានជាង ២០០ ស្ដង់ចូលរួមតាំងបង្ហាញ។ សហគ្រិនខ្មែរ អាចផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ខ្លួនទៅកាន់ក្រុមហ៊ុនទាំងនោះ។ សហគ្រាសកម្ពុជាដែលចូលរួមនៅក្នុងពិព័រណ៍ IBB មានមកពីវិស័យផ្សេងៗ ដូចជា៖
* ក្រុមហ៊ុនអាហារ និងភេសជ្ជៈ
* ក្រុមហ៊ុន Franchise
* អ្នកចែកចាយបន្ត
* ផលិតផលកសិកម្ម
* សណ្ឋាគារ និងរមណីយដ្ឋាន
* អ្នកផ្តល់សេវាទូរគមនាគមន៍ និងអ៊ីនធឺណិត...
* ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
* ក្រុមហ៊ុនធានារ៉ាប់រង
* ក្រុមហ៊ុនដឹកម្ហូបអាហារ និងទូទាត់ប្រាក់
* ក្រុមហ៊ុនចែកចាយរថយន្ត
* អ្នកអភិវឌ្ឍន៍អចលនទព្យ។

ក្នុងនោះ មានស្តង់តាំងពិព័រណ៍មកពីប្រទេសថៃ ចំនួន១០០ស្តង់, ហើយអ្នកតាំងពិព័រណ៍ជាច្រើនទៀត បាននឹងកំពុងចុះឈ្មោះចូលរួម ជាបន្តបន្ទាប់តាមរយៈការគាំទ្រ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងក្រសួងផ្សេងទៀត ក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា ភ្ញៀវដែលមកចូលទស្សនាពិព័រណ៍ នឹងអាចទិញផលិតផលជាច្រើន ដែលមានការបញ្ចុះតម្លៃពិសេស សម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លើសពីនេះទៀត, ក៏នឹងមានការប្រគុំតន្ត្រី, ការសម្ដែងសិល្បៈ, និងការចាប់រង្វាន់ជាច្រើនទៀតផងដែរ៕