(បរទេស)៖ ដៃគូផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple គឺ Foxconn បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ពីការរំពឹងទុកខ្ពស់ថា ប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំ២០២៤នឹងកើនឡើង។ ការរំពឹងទុកប្រកបដោយភាពជឿជាក់នេះ បន្ទាប់ពី Foxconn ទើបតែបង្ហាញរបាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសទី៤ ទទួលបានលើសពីការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

ទស្សនវិស័យរបស់ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ត្រូវបានគេមើលឃើញថា កាន់តែរឹងមាំចាប់តាំងពីប្រធានក្រុមហ៊ុន Foxconn លោក Young Liu បាននិយាយកាលពីខែវិច្ឆិកាថា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោកមួយនេះមានការរំពឹងទុក ក៏ដូចជាប្តេជ្ញាពីការអភិរក្សនិយម និងអព្យាក្រឹត សម្រាប់ឆ្នាំ២០២៤។ ក្រុមហ៊ុនតៃវ៉ាន់មួយនេះ បាននិយាយថា ប្រាក់ចំណេញសុទ្ធពីខែតុលា ដល់ខែធ្នូ បានកើនឡើង ៣៣% ដល់ ១.៦៩ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កត្តានេះ ដោយសារតម្រូវការដ៏ខ្លាំងខ្លា សម្រាប់ម៉ាស៊ីនមេ AI និងការលក់ដាច់បំផុតនូវផលិតផលរបស់ខ្លួនអំឡុងពេលរដូវកាលវិស្សមកាលចុងឆ្នាំ។

គួរជម្រាបថា ប្រាក់ចំណេញរបស់ Foxconn នៅក្នុងត្រីមាសទី៤នេះ គឺបានមកពីចំណូលគ្រឿងអេឡិចត្រូនិចក្នុងនោះ រួមទាំងស្មាតហ្វូនមានចំណែក ៥៨% នៃប្រាក់ចំណូល ខណៈដែលផលិតផល cloud និង servers បានចូលរួមចំណែក ២០%។ ដូច្នេះធ្វើឲ្យក្រុមហ៊ុននេះ មានក្តីរំពឹងទុកខ្ពស់ ថានឹងទទួលបានប្រាក់ចំណូលច្រើននៅត្រីមាសទី១ ឆ្នាំ២០២៤នេះ៕