(ក្រុងឡុងដ៍)៖ លោក Ryan Giggs ដែលត្រូវបានគេស្គាល់ថា អតីតកីឡាករនិម្មិតរូបក្លិបបិសាចក្រហម Manchester United នៅពេលនេះ បានចូលកាន់តួនាទីថ្មីជានាយកកីឡាក្នុងក្លិប Salford City ដែលរូបលោកមានភាគហ៊ុនចំនួន ១០%។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា នេះជាការងារលើកដំបូងសម្រាប់បុរស វ័យ ៥០ឆ្នាំផងដែរ ក្រោយពេលលាឈប់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិវ៉េលស៍ នាអំឡុងខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីចំណាយពេលដឹកនាំអស់ ៤ឆ្នាំ។

Salford City ដែលបានកំពុងឈរនៅលេខរៀងទី២០ ក្នុងក្របខណ្ឌ League Two របស់អង់គ្លេសនោះ ក៏មានភាគហ៊ុនរបស់អតីតមិត្តរួមក្នុងក្លិបបិសាចក្រហមមានដូចជា លោក Phil និង Gary Neville រួមទាំងលោក Nicky Butt និង Paul Scholes ទៀតផង។

Giggs រួមទាំងក្រុមហ៊ុន Class of 92 ក៏ត្រៀមរៀបចំពិធីអបអរសាទរខួបគម្រប់ ១០ឆ្នាំ ក្នុងការកាន់កាប់ក្លិប Salford City ក្នុងរយៈពេល ១០ឆ្នាំមកនេះ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ដ៏ខ្លីខាងមុខផងដែរ៕