(ដកម៉ាន់)៖ Jadon Sancho រកបាន ១គ្រាប់ផងដែរ ក្នុងចំណោមជ័យជម្នះ ២ទល់នឹង០ របស់ម្ចាស់ផ្ទះ Borussia Dortmund ទៅលើគូប្រជែង PSV Eindhoven ក្នុងការឈានទៅកាន់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League 2023-2024។

១គ្រាប់របស់កីឡាករអន្តរជាតិអង់គ្លេសខាងលើនេះ គឺបានកើតឡើងត្រឹមលេងបាន ៣នាទីប៉ុណ្ណោះនៃវគ្គទី១ នៃជើង ទី២ វគ្គ ១៦ក្រុមនាយប់មិញនេះ និងជាគ្រាប់ទី៤ ក្រៅពីបោះបាល់ឱ្យគេស៊ុតបាន ៣គ្រាប់ផងដែរ ក្នុងចំណោម ៧ប្រកួតនៅ Champions រដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្នុងប្រកួតនោះដែរ កីឡាករបម្រុង Marco Reus ក៏រួមចំណែករកបាន ១គ្រាប់ផងដែរចុងម៉ោង ដើម្បីទទួលបានជ័យ ជម្នះ ៣-១ សរុបលទ្ធផលទាំង ២ជើង ក្នុងការជួយក្រុមលេងនៅលីគ Bundesliga មួយនេះឡើងទៅវគ្គ ៨ក្រុម UCL ជាលើកដំបូងផងដែរ ក្នុងចំណោម ៣រដូវកាលចុងក្រោយនេះ ដោយបានផ្តល់ការខកចិត្តដល់ PSV ដ្បិត Hirving Lozano ខកខានឱកាសរកគ្រាប់តាមស្មើ នៅមុនពេលក្រុមហូឡង់បានរបូតគ្រាប់ទី២ ទៀត។

នេះមានន័យថា Borussia Dortmund បានចូលរួមជាមួយក្រុមជើងឯកលីគ Bayern Munich ក្នុងការឡើងទៅវគ្គ ៨ក្រុម UCL ក្នុងនាម ២ក្រុមរបស់អាល្លឺម៉ង់ និង ៣ក្រុមរបស់អេស្ប៉ាញ Real Madrid, FC Barcelona និង Atletico Madrid និង ២ក្រុមផ្សេងទៀតរបស់អង់គ្លេស Arsenal និងក្រុមការពារតំណែងជើងឯក Manchester City រួមជាមួយ Paris Saint Germain របស់បារាំង ដោយត្រៀមការចាប់ឆ្នោតវគ្គ ៨ក្រុមនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤៕