(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិប Tottenham Hotspur កីឡាករ Son Heung-min បានលើកឡើងថា លោកអាចផ្លាស់ទៅលេងនៅអារ៉ាប៊ីសាអូឌីតបាន ដើម្បីបន្តអាជីពរបស់លោក ប្រសិនបើលោកចង់ ប៉ុន្តែបានជ្រើសរើសបន្តលេងនៅ Premier League ដើម្បីសងមកវិញសម្រាប់ខ្លួនលោកផ្ទាល់ បន្ទាប់ពីយុទ្ធនាការ២០២២-២៣ ដែលមានការខកចិត្ត។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

Son បានឈ្នះពានរង្វាន់ស្បែកជើងមាស នៃលីគ Premier League (Premier League Golden Boot) សម្រាប់ការរកគ្រាប់បាល់បានច្រើនជាងគេ ក្នុងរដូវកាល២០២១-២២ ជាមួយនឹង ២៣គ្រាប់ ប៉ុន្តែការរងរបួស និងបាត់បង់ទម្រង់លេង បានធ្វើឲ្យកីឡាករអន្តរជាតិកូរ៉េខាងត្បូងនេះ រកគ្រាប់បាល់បានត្រឹម ១០គ្រាប់ប៉ុណ្ណោះកាលពីរដូវកាលមុន ខណៈ Spurs បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៨។

កីឡាករវ័យ ៣១ឆ្នាំរូបនេះ ត្រូវបានចុះផ្សាយពីការផ្ទេរមទៅលេងនៅអារ៉ាប៊ីសាអូឌីត ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុង Perth ប្រទេសអូស្ត្រាលី មុនពេលប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុម West Ham United លោកបានប្តេជ្ញាថា នឹងបន្តលេងជាមួយក្លិបដែលមានមូលដ្ឋាន នៅភាគខាងជើងទីក្រុង London។

«អាច ប្រសិនបើខ្ញុំចង់ទៅទីនោះ (អារ៉ាប៊ីសាអូឌីត) ខ្ញុំនឹងនៅទីនោះ មិនមែនទីនេះទេ», លោកបានលើកឡើង ជាមួយនឹងសំណើច។ «ញុំស្រឡាញ់ការលេងបាល់ទាត់។ តាមពិតទៅលុយវាក៏សំខាន់ដែរ ប៉ុន្តែខ្ញុំមានក្តីសុបិន លេងនៅលីគ Premier League ហើយនៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើ»