(ចិន)៖ ខណៈពិធីបុណ្យសពរបស់តារាល្បីៗមួយចំនួន ត្រូវបានគេមើលឃើញថា ហាមឃាត់មិនឲ្យអ្នកគាំទ្រចូលរួមគោរពវិញ្ញាណក្ខន្ធ ជាលើកចុងក្រោយបាននោះ​ ពេលនេះមានសេចក្តីរាយការណ៍មកថា ពិធីបុណ្យសពរបស់កំពូលតារាចម្រៀងហុងកុង Coco Lee ដែលទទួលមរណភាពកាលពីថ្ងៃទី០៥ ខែកក្កដាកន្លងទៅ បន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាត និងតស៊ូជាមួយជំងឺផ្លូវចិត្តជាច្រើនឆ្នាំនោះ គឺបានអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួម អុជធូបគោរពវិញ្ញាណក្ខន្ធបាន ដែលនឹងរៀបចំឡើងនៅចុងខែកក្កដានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

Nancy Lee បានបង្ហោះវីដេអូកាត់តមួយរបស់ Coco Lee ជួបជាមួយអ្នកគាំទ្រជុំវិញពិភពលោក ហើយសរសេរជាភាសាចិន និងអង់គ្លេសថា ដោយសម្រួលយ៉ាងដូច្នេះថា «សម្រាប់អ្នកដែលមានបំណងចង់ចូលរួមពិធីបុណ្យសព សូមចំណាំថា ពិធីបុណ្យសពរបស់ Coco នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី ០១ ខែសីហា នៅហុងកុង ជាកន្លែងដែលនាងធ្លាប់រស់នៅ។ ពិធីបុណ្យសពសាធារណៈនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ចន្លោះម៉ោង៦ ល្ងាចដល់ម៉ោង១០ យប់តែប៉ុណ្ណោះ។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នក»។

គួរជម្រាបថា តារាចម្រៀងវ័យ ៤៨ឆ្នាំ Coco Lee បានព្យាយាមធ្វើអត្តឃាតនៅផ្ទះ ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ទោះបីជាមានការខិតខំប្រឹងប្រែងពីក្រុមគ្រូពេទ្យដើម្បីជួយសង្គ្រោះ និងព្យាបាលក៏ដោយ តែចុងក្រោយនាងបានទទួលមរណភាពនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ ប្រឡូកក្នុងអាជីពសិល្បៈជិត ៣០ឆ្នាំ ស្នាដៃសំខាន់ៗដែលធ្វើឲ្យ Coco Lee ទទួលបានភាពល្បីល្បាញលំដាប់ពិភពលោក មានដូចជា ការច្រៀងចម្រៀងក្នុងភាពយន្ត «Mulan» (មូឡាន) របស់ Disney និងចម្រៀងក្នុងភាពយន្ត «Crouching Tiger, Hidden Dragon» ដែលបានជាប់ឈ្មោះប្រកួតប្រជែងពានអូស្កា ព្រមទាំងអាល់ប៊ុមចម្រៀងទាំងភាសាចិន និងភាសាអង់គ្លេស សរុប១៨អាល់ប៊ុម៕