(ភ្នំពេញ)៖ សិស្សានុសិស្សសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ចំនួន ២១ រូប ត្រូវបានជ្រើសរើសឱ្យបន្តការប្រកួត ក្នុងវគ្គ Global Round នៃកម្មវិធីប្រកួតពានរង្វាន់បញ្ញាវ័ន្តពិភពលោក ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ សិស្សានុសិស្សទាំង២១រូប និងលោកគ្រូ អ្នកគ្រូ ២រូប បានចេញដំណើរពីប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកម្រិតពិភពលោកនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ភាពជោគជ័យនៃការទទួលបានឱកាសបន្តទៅវគ្គ Global Round កើតឡើង បន្ទាប់ការចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដោយឆ្លងកាត់ការខិតខំប្រឹងប្រែងយ៉ាងស្វាហាប់របស់សិស្សានុសិស្ស ដោយត្រៀមខ្លួន ហាត់សម និងរធ្វើការងារជាក្រុម ក្នុងវគ្គជម្រុះថ្នាក់តំបន់ - Regional Round ដែលត្រូវបានរៀបចំឡើងនៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដោយមានសិស្សានុសិស្សចូលរួមជាច្រើនរយនាក់ មកពីទាំងសាលាឯកជន និងសាលារដ្ឋក្នុងប្រទេសកម្ពុជា។

ជាលទ្ធផល នៃវគ្គជម្រុះថ្នាក់តំបន់នេះ សិស្សានុសិស្សសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ទទួលបានមេដាយចំនួន ២១៩ គ្រឿង និងពានចំនួន ៧គ្រឿង ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺសិស្សានុសិស្សចំនួន ២១រូប របស់សាលាត្រូវបានវាយតម្លៃថា មានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់បន្តទៅការប្រកួតវគ្គ Global Round នៅប្រទេសកូរ៉េខាងត្បូងនៅពេលនេះ៕