(មីឡាន)៖ Inter Milan មានបំណងនាំយកខ្សែប្រយុទ្ធតោខៀវ Chelsea កីឡាករ Romelu Lukaku វិលត្រឡប់មកកាន់អ៉ីតាលីវិញនារដូវក្តៅនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។

Lukaku វ័យ ៣០ឆ្នាំ បានចំណាយពេលរដូវកាលមុន លេងខ្ចីជើងជាមួយក្លិប Inter ផ្ទេរមកពីក្លិប អង់គ្លេស Chelsea។

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ រកបាន ១៤គ្រាប់ ដោយជួយ Inter បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងលីគ Serie A និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champion League ទៀតផង។

ការចរចាដែលកំពុងធ្វើឡើងជាមួយ Manchester United ដើម្បីផ្ទេរកីឡាករចាំទី Andre Onana អាចនឹងជួយឲ្យ Inter លើកយកហិរញ្ញវត្ថុ ដើម្បីនាំយកខ្សែប្រយុទ្ធ Lukaku ត្រឡប់ទៅកាន់កីឡដ្ឋាន San Siro វិញលើកិច្ចសន្យាលេងអចិន្ត្រៃយ៍។

Chelsea ត្រូវបានគេគិតថា ចង់បានប្រាក់ ៤០លានផោន សម្រាប់ការផ្ទេរកីឡាករ Lukaku ជាមួយនឹងក្លិប Inter កំពុងចង់បានប្រាក់ ៣៥លានផោនពីក្លិប United សម្រាប់ការផ្ទេរអ្នកចាំទី Onana ចេញ៕