(បរទេស)៖ តារាកំប្លែងល្បីឈ្មោះអាមេរិក Sarah Silverman និងអ្នកនិពន្ធពីរនាក់ផ្សេងទៀត បានដាក់ពាក្យប្តឹង ក្រុមហ៊ុន Meta Platforms (META.O) និង OpenAI ពីបទ «រំលោភលើសិទ្ធអ្នកនិពន្ធ» ក្រោយរកឃើញថា ក្រុមហ៊ុនទាំងពីរនេះ បានប្រើប្រាស់ខ្លឹមសារនៃមាតិការបស់ពួកគេ ដោយគ្មានការអនុញ្ញាត ដើម្បីយកទៅដាក់បញ្ចូលក្នុងគំរូបញ្ញាសិប្បនិម្មិត AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

បណ្តឹងប្រឆាំងនឹងក្រុមហ៊ុនទាំងពីរខាងលើនេះ គឺត្រូវបានដាក់ដោយ តារាកំប្លែង Silverman, អ្នកនិពន្ធ Richard Kadrey និង Christopher Golden នៅកាន់តុលាការសហព័ន្ធ San Francisco កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយក្នុងពាក្យបណ្តឹងបានចោទប្រកាន់ក្រុមហ៊ុនមេ Facebook ឈ្មោះ Meta និងក្រុមហ៊ុនមេរបស់ ChatGPT គឺ OpenAI ថាបានប្រើប្រាស់មាតិការបស់ពួកគេ ដើម្បីបណ្តុះបណ្តាល chat bots របស់ខ្លួន។

ជុំវិញករណីនេះ Meta និង OpenAI ដែលជាក្រុមហ៊ុនឯកជនគាំទ្រដោយ Microsoft Corp (MSFT.O) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

គួរជម្រាបថា ក្រុមអ្នកសិល្បៈទាំងបីនាក់ គឺ Silverman, Kadrey និង Golden ចោទប្រកាន់ Meta និង OpenAI បានប្រើសៀវភៅរបស់ពួកគេដោយគ្មានការអនុញ្ញាត ដើម្បីបង្កើតអ្វីដែលគេហៅថា «គំរូភាសា»។ ទោះជាយ៉ាងណាក៏ដោយ ជុំវិញករណីនេះ នៅមិនទាន់មានព័ត៌មានបន្ថែមទេ ថាភាគីពាក់ព័ន្ធយល់ព្រមដោះស្រាយបែបណា?