(ភ្នំពេញ)៖ ក្រុមហ៊ុន Pathmazing ដែលជាទីភ្នាក់ងារធ្វើទីផ្សារ និងចលនូបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងយុទ្ធនាការលក់វត្ថុអនុស្សាវរីយ៍ប្រកបដោយជោគជ័យ ដែលមានប្រជាជនគាំទ្រទិញរាប់លាននាក់ កំឡុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ បានបរិច្ចាគវត្ថុអនុស្សាវរីយ៍ ដែលបានបម្រុងទុកពិសេសចំនួន ២រថយន្តដល់មូលនិធិកុមារកម្ពុជា(CCF) ។

ពិធីបរិច្ចាគវត្ថុអនុស្សាវរីយ៍ខាងលើ បានធ្វើឡើងនៅសាលា Rice Academy នៃអង្គការ CCF កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក Steven Path នាយកប្រតិបត្តិ Pathmazaing និងលោក Scott Neeson ស្ថាបនិកនៃអង្គការមូលនិធិកុមារកម្ពុជា ព្រមទាំងកុមារជាច្រើនផងដែរ ។

លោក Steven Path បានបញ្ជាក់ថា វុត្ថុអនុស្សាវរីយ៍ ដែលបានមបម្រុងទុកជាពិសេស និងនាំមកប្រគល់ជូនអង្គការ CCF នេះ គឺមានចំនួនជិត ២,៣០០ឈុត សម្រាប់ចែកជូនកុមារប្រមាណ ១៨០០នាក់, ចាស់ៗកំពុងចូលកម្មវិធី Granny របស់អង្គការចំនួន ៩២នាក់ និងលោកគ្រូ-អ្នកគ្រូ និងបុគ្គលិករបស់អង្គការចំនួន ២០០នាក់ ។ ក្នុងនោះកុមារទាំងអស់ ទទួលបានតុក្កតា(Mascot) បូរី ឬ រំដួល, ស្ទីកឃើរ, ផ្លិតកម្ពុជា២០២៣, ប៉េងប៉ោងអបអរសាទរ និងទង់ជាតិ ខណៈចាស់ៗ ទទួលបានកាបូបសាច់កំណាត់ កែវទឹក ក្រមា និងផ្លិត Cambodia 2023 ជាដើម ដែលសរុបវត្ថុអនុស្សាវរីយ៍ទាំងអស់មានតម្លៃប្រមាណជាង ៥ម៉ឺនដុល្លារ ។

លោកបន្ដថា ការផ្ដល់ជូននេះ គឺក្នុងគោលបំណងចង់ផ្តល់ត្រឡប់ទៅសហគមន៍កម្ពុជាវិញ ដោយផ្តល់ឲ្យអ្នកដែលមិនមានលទ្ធភាពចូលរួមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងនេះនូវឱកាសមួយ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ប្រវត្តិសាស្រ្តទាំងនេះ ។ CCF គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការផ្ដល់អំណោយនេះ ដោយអង្គការនេះ ទើបតែបានសហការជាមួយក្រុមហ៊ុន Pathmazing កាលពីខែកុម្ភៈកន្លងទៅ នៅក្នុងការដាក់ឱ្យដំណើរការកម្មវិធីកៀរគរមូលនិធិ (crowdfunding) ដ៏ធំដំបូងគេរបស់ប្រទេសកម្ពុជា គឺ KhmerCare ។

លោកថា «ដោយសារកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏ធំបែបនេះ ប្រជាជនកម្ពុជាគ្រប់រូបគួរតែរីករាយអបអរសាទរចំពោះព្រឹត្តិការណ៍ទាំងពីរ ហើយគំនិតនេះមួយត្រូវបានឆ្លុះបញ្ចាំងតាមរយៈយុទ្ធនាការលក់វត្ថុអនុស្សាវរីយ៍សម្រាប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលយុទ្ធនាការនេះ មានឈ្មោះថា “Own a piece of History”...»

«ទោះជាយ៉ាងនេះក្តី ដូចទៅនឹងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើនដែរ មិនមែនប្រជាជនគ្រប់រូបសុទ្ធតែទទួលបានវត្ថុអនុស្សាវរីយ៍ស៊ីហ្គេមទាំងនេះនោះទេ ដោយសារអ្នកខ្លះមិនមានពេលមកទិញ ឬខ្លះមិនមានលទ្ធភាព។ ដើម្បីជាការអរគុណដល់សហគមន៍កម្ពុជាសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការចូលរួមធ្វើជាម្ចាស់ផ្ទះដ៏អស្ចារ្យសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ Pathmazing ធ្វើអំណោយទាំងនេះដើម្បីផ្តល់ត្រឡប់ទៅដល់សហគមន៍វិញ» ។ លោក Steven Path បន្ថែម ។

ជាមួយគ្នាដែរ លោក Scott Neeson បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Pathmazing ដែលតែងគិតគូរ និងសហការគាំទ្រដល់អង្គការ ដើម្បីរួមចំណែកលើកកម្ពស់កុមារកម្ពុជា ជាក់ស្ដែងការផ្ដល់នូវវត្ថុអនុស្សាវរីយ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនេះ បានធ្វើឲ្យពួកគេមានការសប្បាយរីករាយជាខ្លាំង ហើយក៏មានអត្ថន័យណាស់ សម្រាប់ពួកគេ ។ បន្ថែមលើកនេះ លោកក៏បានចូលរួមអបអរសាទរជាថ្មី ចំពោះជោគជ័យដ៏អស្ចារ្យ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ ដែលទទួលបានការកោតសរសើរពាសពេញពិភពលោកនេះផងដែរ ៕