(បរទេស)៖ តារាសម្តែងល្បីឈ្មោះ ដែលទស្សនិកជនបានស្គាល់ តាមរយៈការដើរជាតួអង្គវីរបុរស Captain America លោក Chris Evans ត្រូវបានរាយការណ៍មកថា សម្រេចបិទគណនី Twitter និង Instagram របស់ខ្លួនមួយរយៈ ដើម្បីចំណាយពេលវេលាផ្ទាល់ខ្លួន និងកាត់ផ្តាច់ខ្លួនពីបណ្តាញសង្គម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។

មុនពេលបិទគណនីទាំងពីរ តារាសម្តែងជនជាតិអាមេរិកវ័យ៤២ឆ្នាំរូបនេះ បានបង្ហោះនៅលើ Twitter កាលពីថ្ងៃទី២៨ ខែមិថុនាថា «ខ្ញុំចំណាយពេលលំហែរខួរក្បាលរហូតដល់រដូវក្តៅ ដែលប្រការនេះ គឺមានពេលវេលាមើលអេក្រង់ទូរស័ព្ទតិចបំផុត ដូច្នេះខ្ញុំសម្រាកបន្តិចពី Twitter និង Instagram។ ជួបគ្នាឆាប់ៗនេះ»។ ការសម្រេចចិត្តរបស់តារាសម្តែងរូបនេះ ត្រូវបានគេមើលឃើញថា កំពុងដើរតាមគន្លងរបស់តារាសម្តែងជនជាតិវេល Taron Egerton អាយុ៣៣ឆ្នាំ ដែលបានបង្ហោះកាលពីសប្តាហ៍មុនអំពីតម្រូវការ «សម្រាកពីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយរយៈ»

គួរជម្រាបថា តារាប្រុស Chris Evans ចាប់ផ្ដើមទទួលបានប្រជាប្រិយភាពចាប់តាំងពីបានសម្ដែងក្នុងរឿងភាគទូរទស្សន៍ដំបូងកាលពីឆ្នាំ២០០០ រហូតដល់ពេលដែលសម្ដែងជា តួអង្គ «Captain America» នៅឆ្នាំ២០១១។ ថ្វីបើទទួលបានពានរង្វាន់ជាច្រើនពីការសម្ដែងក្នុងពិភពហូលីវូដក៏ដោយ ក៏តារាប្រុសនៃភាពយន្ត «Gray Man» រូបនេះមានសេចក្តីប្រាថ្នាក្រៅពីការសម្ដែង ដែលរួមមានការរៀបអាពាហ៍ពិពាហ៍ និងធ្វើជាឪពុកសាមញ្ញម្នាក់។តួអង្គ «Captain America» នៃក្រុម Avengers គឺតារាសម្ដែង Chris Evans ត្រូវបានទស្សនាវដ្ដី People ផ្ដល់តំណែងជាបុរសសិចស៊ីជាងគេប្រចាំឆ្នាំ២០២២ ដោយស្នងតំណែងតារាសម្ដែង Paul Rudd ដែលជាតួអង្គសម្ដែងនៃចក្រវាឡ Marvel ជាមួយគ្នា៕