(ឡុងដ៏)៖ អតីតម្ចាស់ជើងឯកលីគអង់គ្លេស ក្លិប Leicester City ដែលបានធ្លាក់ទៅលេងនៅលីគទី២ Championships វិញនៃក្របខណ្ឌបាល់ទាត់អង់គ្លេសនោះ នៅពេលនេះបានចុះកិច្ចព្រមព្រៀង តែងតាំងលោក Enzo Maresca ជាគ្រូបង្គោលថ្មីរបស់ពួកគេ ដែលមានរយៈពេលដល់ឆ្នាំ២០២៦។

បរុសវ័យ ៤៣ឆ្នាំសញ្ជាតិអីតាលី Enzo Maresca បានទៅដល់និងធ្វើការបង្ហាញខ្លួនជាផ្លូវការនៅកីឡដ្ឋាន King Power ដោយមានបទពិសោធន៍ធ្លាប់ធ្វើការជាមួយលោក Pep Guradiola នៅក្លិប Manchester City ដែលជាម្ចាស់ជើងឯកលីគរដូវកាល២០២២-២៣។

លោក Enzo Maresca បានស្នងតំណែងតួនាទីនេះ ពីលោក Dean Smith ដែលបានដឹកនាំក្រុមកញ្ជ្រោងខៀវនេះ ធ្លាក់ចេញពីលីគលំដាប់កំពូល Premier League នារដូវកាល២០២២-២៣ ក្នុងពេលលោកទទួលបន្ទុកនៅ ៨ប្រកួតចុងក្រោយ បន្ទាប់ពីការចាកចេញរបស់លោក Brendan Rodgers៕