(ឡុងដ៍)៖ ក្លិប Brighton & Hove Albion បានប្រកាសពីការចុះកិច្ចសន្យា នាំយកខ្សែបម្រើអាល្លឺម៉ង់ Mahmoud Dahoud មកពីក្លិប Borussia Dortmund។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ នឹងចូលរួមជាមួយក្លិប Brighton & Hove Albion លើកិច្ចសន្យារយៈពេល៤ឆ្នាំ នៅថ្ងៃទី១ ខែកក្កដាខាងមុខ បន្ទាប់ពីកិច្ចសន្យារបស់លោកបានផុតកំណត់ ជាមួយនឹងក្លិប Dortmund ដែលលេងនៅលីគ Bundesliga។

ដោយកើតនៅប្រទេសស៊ីរី, Dahoud ដែលបានជាប់លេង ២លើក ឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងឆ្នាំ២០២០នោះ បានក្លាយជាកីឡាករទី៣ ដែលបានចុះកិច្ចសន្យានារដូវក្តៅនេះជាមួយក្លិប Brighton លេងនៅលីគ Premier League បន្ទាប់ពីការចុះកិច្ចសន្យាជាមួយកីឡាករ Joao Pedro និង James Milner។

Dahoud បានចាប់ផ្តើមអាជីពរបស់លោក ជាមួយក្លិប Borussia Monchengladbach មុនពេលផ្លាស់ទៅលេងឲ្យ Dortmund ក្នុងឆ្នាំ២០១៧៕