(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តប្រណិត Mercedes-Benz បានចាប់ផ្តើមសាកល្បងមុខងារ ChatGPT ដ៏ពេញនិយមនៅក្នុង MBUX system ដែលជាកម្មវិធីកម្សាន្តក្នុងរថយន្តរបស់ខ្លួន និងមានសម្រាប់តែអ្នកប្រើប្រាស់អាមេរិកជាលើកដំបូងក្នុងរយៈពេល ៣ខែ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuter នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

Mercedes-Benz បានឱ្យដឹងថា ខ្លួនបានដាក់ឱ្យសាកល្បងមុខងារ ChatGPT នេះក្នុងរថយន្តប្រមាណ ៩០០,០០០គ្រឿងសម្រាប់រថយន្តផលិតជំនាន់ចុងក្រោយដែលមានមកជាមួយនឹង «MBUX» System។ កម្មវិធី ChatGPT នេះនឹងត្រូវបានដំឡើងដោយស្វ័យប្រវត្តិនៅក្នុងកម្មវិធី Beta Over-the-air (OTA) របស់ Mercedes ហើយអាចចូលប្រើបាននៅក្នុងជម្រើស Mercedes App និង Voice Command។

នៅក្នុងសេចក្តីប្រកាសព័ត៌មានពី Mercedes អ្នកប្រើប្រាស់មិនត្រឹមតែអាចនិយាយពាក្យបញ្ជាតាមរយៈឃ្លា «Hey Mercedes» ប៉ុណ្ណោះទេ តែថែមទាំងអាចសន្ទនាជាមួយរថយន្តបានថែមទៀតផងតាមរយៈកម្មវិធី ChatGPT AI។ ChatGPT និងមកជាមួយនឹងមុខងារជាច្រើននៅរាល់ពេលសន្ទនានិងមានអារម្មណ៍ថាបាននិយាយជាមួយនឹងមនុស្សពិតៗ មិនដូចសំឡេង AI ដែលគេធ្លាប់បានសាកល្បងកន្លងមកនោះទេ ហើយថែមទាំងអាចសាកសួរពីសំណួរផ្សេងៗ និងអាចឆ្លើយតបបានយ៉ាងរហ័សដូចទៅនឹងមនុស្សថែមទៀតផង។

កាលពីមុន Mercedes អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ជាបានតែសំឡេងខ្លីៗ និងជាការបើកម៉ាស៊ីនត្រជាក់ ឬកាអីជាដើម។ តាមរយៈរបាយការណ៍ចុងក្រោយនេះ Mercedes បញ្ជាក់ថាខ្លួននឹងធ្វើបច្ចុប្បន្នភាពទៅលើមុខងារនេះបន្ថែមទៀតក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន OpenAI ដើម្បីអាចឈានដល់ការកក់ភោជនីយដ្ឋាន កក់សំបុត្រកុន និងការងារផ្សេងទៀតតាមរយៈ AI។

តាមការបញ្ជាក់ពី Mercedes រាល់ទិន្នន័យទាំងអស់នៅក្នុងរថយន្ត Mercedes នឹងត្រូវបានរក្សាទុកនៅក្នុង Cloud៕