(ភ្នំពេញ)៖ លោក វង្ស គឹមហួត ប្រធានក្រុម OFF ROAD VKH និងជាសមាជិកមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានបញ្ជាក់ថា ការប្រណាំងរថយន្ត Off Road ឆ្នាំ២០២៣ ខេត្តកញ្ចនបុរី ប្រទេសថៃ ក្រុមកម្ពុជារំពឹងថានឹងទទួលបានចំណាត់ល្អ បន្ទាប់ពីបានត្រៀមខ្លួនបានយ៉ាងល្អជាមួយសមាជិក២ក្រុមទៀត គឺក្រុម Off Road ៤*៤ លោក ព្រំ រស្មី និងក្រុម Off Road លោក ញឹម សុវណ្ណារ៉ូ។

លោក វង្ស គឹមហួត បន្តថា ការដាក់ក្តីរំពឹងបែបនេះ ក្រោយក្រុម OFF ROAD កម្ពុជា បានធ្លាប់ចូលរួមប្រកួតជាលក្ខណអន្តរជាតិនៅប្រទេសថៃច្រើនលើកមកហើយ ជាមួយនឹងបទពិសោធន៍ច្រើន ទាំងបច្ចេកទេសការប្រណាំង បច្ចេកទេសរៀបចំកម្លាំងរថយន្តជាដើម។

អ្នកប្រណាំងពោរពេញដោយបទពិសោធន៍រូបនេះបានបញ្ជាក់ថា ការប្រណាំងកម្រិតអន្តរជាតិ២លើកនេះចុងក្រោយនៅថៃ ក្រុមកម្ពុជាទទួលលទ្ធផលល្អប្រសើរ គឺទទួលបានចំណាតថ្នាក់លេខ១៣ ក្នុងចំណោម៣៤ក្រុម សរុបរថយន្ត១០៤គ្រឿង មកពី៤ប្រទេស មាន៖ កម្ពុជា ឡាវ ម៉ាឡេស៊ី និងថៃជាម្ចាស់ផ្ទះ និងចំណាត់ថ្នាក់លេខ១១ នៅខេត្តត្រាងផងដែរ។

លោក វង្ស គឹមហួត បន្ថែមថា ការប្រកួតឆ្នាំ២០២៣នេះ សូម្បីតែក្រុមជាង (Team Service ) ដែលជាចំណែកសំខាន់ក៏បានត្រៀមខ្លួនបានល្អ ដូចជា ឧបករណ៍ប្រើប្រាស់ គ្រឿងម៉ាស៊ីនជាដើម។

ជាមួយគ្នានោះ លោក វង្ស គឹមហួត ក៏បានអំពាវនាវឱ្យវិស័យឯកជ ផ្នែកយានយន្តនៅកម្ពុជាចូលរួមគាំទ្រឧបត្តម្ភក្រុមប្រណាំងកម្ពុជាជារថយន្តសម្រាប់ប្រណាំង សម្ភារជួសជុល និងថវិកា ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាយានយន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើនដូចបណ្តាប្រទេសនានានៅលើពិភពលោក។

សូមបញ្ជាក់ថា ការប្រណាំងរថយន្ត Off Road ឆ្នាំ២០២៣ ខេត្តកញ្ចនបុរី ប្រទេសថៃ មានប្រទេសក្នុងតំបន់អាស៊ានចូលរួម និងប្រទេសជាច្រើនទៀតមកពីអាស៊ីផងដែរ ក្នុងនោះកម្ពុជាបញ្ជូន១ក្រុមចូលរួមជាមួយរថយន្តប្រណាំង៣គ្រឿង កម្ពុជាត្រូវប្រជែងជាមួយ៣៣ក្រុមផ្សេងទៀត ព្រឹត្តការណ៍ប្រណាំងរថយន្ត OFF ROAD គឺចាប់ពីថ្ងៃទី២០-២៥ ខែមិថុនា ឆ្នាំ២០២៣៕