(ប៉េកាំង)៖ តារាជើងស៊ុត Lionel Messi រកបាន ១គ្រាប់ភ្លាមៗ ក្រោយចាប់ផ្តើមការប្រកួតបានតែ ១នាទី និង ១៩វិនាទីប៉ុណ្ណោះ នៅពេលអាហ្សង់ទីនយកឈ្នះគូប្រជែងកង់ហ្គូរូអូស្រ្តាលី ២ទល់នឹង០ នៃជំនួបមិត្តភាពអន្តរជាតិនារាត្រីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដែលស្ថិតក្នុងប្រក្រតិទិនប្រចាំឆ្នាំរបស់ FIFA (FIFA Day) ស្របពេលជម្រើសជាតិកម្ពុជា ក៏បានចាញ់បង់ក្លាដែស ១-០ ផងដែរនៅរាជធានីភ្នំពេញក្នុងថ្ងៃជាមួយគ្នា។

យ៉ាងណាក៏ដោយ នេះជាគ្រាប់បាល់ទី១២ ផងដែរពីការចូលលេងបាន ១០លើកជាមួយក្រុមពពកសអាហ្សង់ទីន គិតចាប់តាំងពីចាប់ផ្តើម World Cup 2022 នៅប្រទេសកាតាដែលពួកគេបានលើកពាន និងគ្រាប់បាល់ចូលទីដ៏លឿនបំផុតក្នុងអាជីពបាល់ទាត់របស់គេផងដែរ ដែលបានប្រើជើងឆ្វេងហ្ស៊ីនស៊ីមុំ ៩០ដឺក្រេ។

ដូចគ្នានោះដែរ កីឡាករបម្រុង German Pezzella បានរួមចំណែករកបានគ្រាប់ទី២ នៅនាទី៦៨ ក្នុងការជួយក្រុមជើងឯក World Cup ៣សម័យកាលអាហ្សង់ទីន ឈ្នះក្រុមនៅអាស៊ីអូស្រ្តាលីស្រួលនៅទឹកដីកណ្តាល គ្រាដែលពួកគេ (អូស្រ្តាលី) មានឱកាសផងដែរក្នុងវគ្គទី១ ពីការធ្វើមិនបានសម្រេចរបស់កីឡាករ Mitch Duke ដ្បិតអ្នកចាំទីមកពី Aston Villa គឺ Emiliano Martinez ជួយសង្រ្គោះបាន។

អាហ្សង់ទីន ស្ទើរតែគ្រប់គ្រងការប្រកួតទាំងមូល នៅពេលមានវត្តមានដំបូងរបស់ Messi ចូលរួមផងដែរ គិតចាប់តាំងពីបានចុះកិច្ចសន្យាលេងឲ្យក្លិបអាមេរិក Inter Miami រួចមក និងជាជ័យជម្នះលើកទី៣ ជាប់ៗគ្នាផងដែរ បន្ទាប់ពីលើកពាន World Cup 2022 រួចមក៕