(ឡុងដ៍)៖ ខ្សែបម្រើពោរពេញដោយបទពិសោធន៍ James Milner បានសម្រេចចូលរួមជាមួយក្លិប Brighton & Hove Albion ដោយគ្មានតម្លៃខ្លួន តែមានឱកាសលេងពានអឺរ៉ុប Europa League បន្ទាប់ពីចំណាយពេលលេង ៨ឆ្នាំ ទទួលបានភាពជោគជ័យនៅឯក្លិប Liverpool។ នេះបើតាមការប្រកាសពីក្លិបទាំងពីរ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

Brighton បានលើកឡើងថា កីឡាករវ័យ ៣៧ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ១ឆ្នាំ និងជម្រើសអាចបន្តបាន ១ឆ្នាំទៀតជាមួយនឹងក្លិប បន្ទាប់ពីចាកចេញពី Liverpool ជាទីកន្លែងដែលលោកបានឈ្នះពានរង្វាន់ Champions League, Premier League, FA Cup និង League Cup ក្នុងការបង្ហាញខ្លួនបាន ៣៣២លើកសម្រាប់ក្លិប។

Brighton នឹងលេងក្នុងលីគ Europa League រដូវកាល២០២៣-២៤ ជាលើកដំបូងនៃប្រវត្តិសាស្ត្រក្លិប បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ មានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការប្រជែងពានក្របខណ្ឌទី២ អឺរ៉ុប ហើយលោក David Weir នាយកបច្ចេកទេសរបស់ក្លិប បានលើកឡើងថា «ចំណេះដឹងដ៏ច្រើនរបស់ Milner នឹងមានប្រយោជន៍»

Milner បានបង្ហាញខ្លួនជាលើកដំបូង ក្នុងលីគកំពូលអង់គ្លេស ជាមួយក្លិប Leeds ក្នុងវ័យត្រឹមតែ ១៦ឆ្នាំប៉ុណ្ណោះកាលឆ្នាំ២០០២។

ជាមួយនឹងការបង្ហាញខ្លួនបាន ៦១៩លើក ក្នុងលីគ Premier League, រូបគេគឺជាកីឡាករទី៣ ក្នុងបញ្ជីនៃការបង្ហាញខ្លួនគ្រប់ពេលទាំងអស់ ឈរនៅពីក្រោយកីឡាករ Gareth Barry ដែលលេងបាន៦៥២លើក និងកីឡាករ Ryan Giggs លេងបាន ៦៣២លើក៕