(បរទេស)៖ អ្នកនិពន្ធទំនុកច្រៀង និងបទភ្លេងជាង ១០ក្រុមបានដាក់ពាក្យប្តឹងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ជុំវិញការចោទប្រកាន់ថាក្រុមហ៊ុនបានបើកការបំពានច្បាប់រក្សាសិទ្ធ (Copyright) រាប់ពាន់បទដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះតន្រី្តដោយគ្មានអាជ្ញាប័ណ្ណ (license)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមពាក្យបណ្តឹងបានឱ្យដឹងថា Twitter ជំរុញឱ្យមានការចូលរួមរបស់អ្នកប្រើប្រាស់ជាមួយនឹង«តន្រ្តីដែលជាប់ Copyright រាប់មិនអស់ »។ Twitter មិនត្រឹមតែមិនហាមឃាត់នោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យបង្ហោះនៅរាល់តន្រ្តី និងបទភ្លេងដែលជាប់ Copyright និងគ្មានការទិញ license ត្រឹមត្រូវថែមទៀតផង។

ក្នុងករណីរំលោភបំពាននេះកើតឡើងមករាប់ឆ្នាំទៅហើយ ប៉ុន្តែក្រោយការទិញយករបស់ Musk ក្នុងខែតុលា ឆ្នាំ២០២២ ការប្រើប្រាស់នៅលើ Twitter កាន់តែស៊េរីជាងមុនបើធៀបទៅនឹងភ្លេតហ្វមធំៗផ្សេងទៀតដូចជា Facebook, TikTok និង YouTube រាល់វីដេអូ ឬបទភ្លេងដែលបង្ហោះត្រូវទទួលបាន license ត្រឹមត្រូវពីអ្នកបោះពុម្ពផ្សាយ ឬអ្នកផលិត បើពុំដូច្នោះទេគឺត្រូវជាប់ Copyright។

យោងតាមប្រភពដដែលបានឱ្យដឹងថា សមាជិកនៃសមាគមអ្នកបោះពុម្ពតន្ត្រីជាតិដែលបានដាក់ពាក្យប្តឹង Twitter រួមមាន Sony Music Publishing និង BMG Rights Management and Universal Music Publishing Group និងក្រុមតន្រ្តីករផ្សេងទៀត។ ជាមួយនឹងពាក្យបណ្តឹងនេះទំនងជាទាមទារសំណងរហូតដល់ ២៥០លានដុល្លារឯណោះ សម្រាប់ការរំលោភសិទ្ធិអ្នកនិពន្ធជិត ១,៧០០បទ៕