(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Realme លោក Madhav Sheth ប្រកាសលាលែងពីតំណែងបច្ចុប្បន្ន បន្ទាប់ពីកាន់តំណែងអស់រយៈពេល ៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោក Mahav Sheth បានបម្រើការជានាយកប្រតិបត្តិក្រុមហ៊ុន Realme India ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ហើយក្រោយមកបានកាន់តួនាទីបន្ថែមជាអនុប្រធាន (VP) និងជាប្រធាននៃ Realme International Business Group។

បន្ទាប់ពីកាន់តំណែងរយៈពេល ៥ឆ្នាំ Sheth បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅលើ Twitter អំពីការចាកចេញ ភ្ជាប់មកជាមួយថាលោកនឹងទៅចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនថ្មី។ Sheth បានគូសបញ្ជាក់ថា បើទោះបីលោកលាលែងពីតំណែងបច្ចុប្បន្នជា CEO បច្ចុប្បន្នក្តីប៉ុន្តែលោកនឹងនៅតែជួយជ្រោមជ្រែងពីក្រោយជាមួយនឹងតួនាទីជា ទីប្រឹក្សាយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍របស់ Realme និងជាទីប្រឹក្សាយុទ្ធសាស្រ្តទីផ្សារ និងការសង្កេតផលិតផល។

យ៉ាងណាក្រោយការចាកចេញរបស់ Sheth ក្រុមហ៊ុន Realme បានចេញសេចក្តីថ្លែងអំណរគុណផ្លូវការទាក់ទងនឹងការដឹកនាំប្រកបដោយវឌ្ឍនភាពរបស់លោក ហើយក្រុមហ៊ុននឹងនៅតែរង់ចាំការវិលត្រឡប់របស់លោកជាថ្មីម្តងទៀត៕