(កំពង់ធំ)៖​ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅ​កម្ពុជា ​​បាន​ចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគង ដែលរៀបចំឡើងដោយធនាគារជាតិកម្ពុជា នៅបរិវេណភោជនីយដ្ឋានស្ទឹងមាស ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា ក៏ដូចជាតំណាងវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាច្រើនផងដែរ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ប្រាក់រៀលដែលជារូបិយបណ្ណជាតិ ​ការស្វែងយល់បន្ថែមអំពីប្រវត្តិធនាគារជាតិកម្ពុជា និងការវិវត្តន៍នៃប្រាក់រៀលអស់រយៈពេល៤៣ឆ្នាំកន្លងមកនេះ ក៏ដូចជាផ្សព្វផ្សាយបន្ថែមអំពីចំណេះដឹង ហិរញ្ញវត្ថុ ប្រព័ន្ធបាគង ដល់សារធារណជនឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត។

លើសពីនេះទៅទៀត ពុកម៉ែបងប្អូនអាចអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍ប្រាក់រៀល​ បានដោយសេរី ជាមួយកម្មវិធីពិសេសៗជាច្រើនដូចជា យុទ្ធនាការណ៍ស្រលាញ់ប្រាក់រៀល ការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ទទួលបានចំណេះដឹងហិរញ្ញវត្ថុ និងប្រព័ន្ធបាគងបន្ថែម លេងល្បែងល្បងប្រាជ្ញាអេឡិចត្រូនិច ទាក់ទងនឹងសេដ្ឋកិច្ច និងប្រាក់រៀល ឆ្លើយសំណួរល្បងប្រាជ្ញា ដើម្បីឈ្នះរង្វាន់ និងទស្សនាតន្រ្តីកម្សាន្តដែលចូលរួមដោយ កញ្ញា មាស សុខសោភា លោក ម៉ម ពេជ្ជរិទ្ធ និង Rolin Miss PhotoCity ផងដែរ។

គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ​មានដាក់បង្ហាញស្តង់ផលិតផលនៅទីនោះផ្ទាល់ ដើម្បីបង្កភាពងាយស្រួលដល់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ និងចង់សាកសួរព័ត៌មានលម្អិតអំពីផលិតផលណាមួយរបស់ អិលអូអិលស៊ី ។

សូមអញ្ជើញចូលរួមទាំងអស់គ្នា ឱ្យបានច្រើនកុះករ វត្តមានចូលរួមរបស់លោកអ្នក ជាចំណែកមួយក្នុងការលើកទឹកចិត្ត និងគាំទ្រដល់ប្រាក់រៀល ដែលជារូបិយប័ណ្ណតំណាងប្រទេសកម្ពុជារបស់យើង។

សូមជម្រាបថា ​បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលធំជាងគេលំដាប់ទី៣ នៅក្នុងប្រទេសកម្ពុជា បើគិតទៅសមតុល្យប្រាក់បញ្ញើ ផលបត្រឥណទាន និងចំនួនអតិថិជន។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ អិលអូអិលស៊ី មាន ទ្រព្យសកម្មសរុប ប្រមាណ ១.៥០ ពាន់លានដុល្លារអាមេរិក, ផលប័ត្រឥណទាន/ប្រាក់កម្ចីអតិថិជន មានចំនួនជាង ១.២៥ ពាន់លានដុល្លារអាមេរិក, សមតុល្យប្រាក់បញ្ញើរបស់អតិថិជនមានប្រមាណ ៨០៦ លានដុល្លារអាមេរិក និងបុគ្គលិកសរុបមានចំនួនជាង ៣​ ៥៨០នាក់ ដែលកំពុងបម្រើសេវាឥណទានជូនអតិថិជន​៕