(ឡុងដ៏)៖ ក្លិប Chelsea បានច្រានចោលការស្នើសុំទិញក្នុងតម្លៃ ៤០លានផផោន របស់ក្លិបរួមលីគ Manchester United ចំពោះកីឡាករ Mason Mount, នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

ក្លិប Man United ស្ថិងក្រោមការដឹកនាំដោយលោក Erik ten Hag បានមានការចាប់អារម្មណ៍ចំពោះ Mount ដែលជាកីឡាករខ្សែបម្រើប្រយុទ្ធ ក្នុងយកទៅពង្រឹងតំបន់ប្រយុទ្ធរបស់ក្លិបពួកគេ, ដ្បិតកីឡាករនៃក្រុមជម្រើសជាតិអង់គ្លេសរូបនេះ នៅសល់ពេលតែ ១ឆ្នាំជាមួយក្លិប Chelsea ហើយស្ថិតក្នុងតម្លៃដែលចង់បានប្រមាណ ៧០លានផោន។

Mount បានចូលរួមជាមួយ Chelsea នៅកម្រិតអាយុ ៦ឆ្នាំ ហើយបានក្លាយជាកីឡាករខ្ចីជើងទៅកាន់ក្លិប Vitesse Arnhem និង Derby County មុនពេលវិលមកចូលរួមជាមួយជម្រើសដំបូងរបស់ក្លិបតោខៀវ កាលពីខែសីហា ឆ្នាំ២០១៩។

ក្នុងនោះរូបគេបានរួមចំណែកជួយក្លិប Chelsea ឈ្នះពានលីគអឺរ៉ុប UEFA Champions League 2020-21 ប៉ុន្តែនារដូវកាល២០២២-២៣ រូបគេចូលលេងបានតែ ៣៥ប្រកួត នឹងរកបាន ៣គ្រាប់ប៉ុណ្ណោះ។

Chelsea បានពិភាក្សាជាច្រើនលើកជាមួយ Mason Mount ជុំវិញកិច្ចសន្យានៅរដូវកាលមុន ខណៈក្លិបបានចំណាយប្រាក់ប្រមាណ ៦០០លានផោនទៅលើការទិញសមាជិកថ្មី នៅទីផ្សារដោះដូរកីឡាករចំនួន ២លើកកាលពីពេលមុន ហើយពួកគេក៏ត្រូវធ្វើការលក់សមាជិកចេញឲ្យបានមុនថ្ងៃទី៣០ ខែមិថុនានេះ ដើម្បីសម្រួលផ្នែកហិរញ្ញវត្ថុរបស់ពួកគេផងដែរ៕