(បរទេស)៖ បន្ទាប់ពីមានបញ្ហាជាច្រើនជាមួយនឹងប្រទេសលោកខាងលិចជុំវិញបញ្ហាសុខវត្ថិភាពទិន្នន័យផ្សេងៗដែលឈានរហូតដល់ការហាមប្រាម កម្មវិធីកម្សាន្តវីដេអូខ្លីៗ TikTok ទំនងជាសម្លឹងមើលទីផ្សារប្រទេសផ្សេងត្រៀមទុកជាមុនហើយ។ ពោលគឺនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះទទួលដំណឹងមកថា TikTok គ្រោងបោះទុនរាប់ពាន់លានដុល្លារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយ Chew បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីថា មាតិការបស់ TikTok ឥឡូវនេះគឺកាន់តែសម្បូរបែប ដោយក្នុងនោះយើងទទួលបានអ្នកប្រើប្រាស់កាន់តែច្រើន និងបានពង្រីកខ្លួនចូលទៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce)។

លោកបានបន្ថែមទៀតថា អាស៊ីអាគ្នេយ៍គឺជាទីផ្សារដ៏ធំបំផុតមួយរបស់ TikTok ទាក់ទងនឹងចំនួនអ្នកប្រើប្រាស់។ ប៉ុន្តែភ្លេតហ្វម TikTok នៅមិនទាន់មានសមត្ថភាពបម្លែងមូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំទៅជាប្រភពចំណូលពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) នៅឡើយនោះទេ ដោយសារវាប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីគូប្រជែងធំៗដូចជាកម្មវិធី Sea, Shopee, Alibaba, Lazada, GoTo និង Tokopedia ជាដើម។ ជាជំហានដំបូងនេះភ្លេតហ្វម e-commerce របស់ TikTok ឥឡូវនេះបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញទំនិញតាមរយៈ Link ដែលមានដាក់នៅលើ App ក្នុងអំឡុង Livestreaming រួចទៅហើយ។

គួរជម្រាបដែរថា បច្ចុប្បន្ននេះ TikTok មានបុគ្គលិកសរុបប្រមាណជា ៨,០០០នាក់នៅអាស៊ីអាគ្នេយ៍ និងមានអ្នកលក់ទំនិញ e-commerce ប្រមាណ ២លាននាក់នៅលើភ្លេតហ្វម TikTok៕