(បរទេស)៖ ដូចទស្សនិកជនបានដឹងមកហើយថា រឿង «Avatar 2: The Way Of Water» បានវ៉ាដាច់រឿង «Spider-Man: No Way Home» ក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុត ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដែលរកបានជាង ១ពាន់លានដុល្លារ ពីការចាក់បញ្ចាំងក្នុងរោងកុន។ បន្ទាប់ពីវគ្គ២បានបញ្ជាប់ដោយជោគជ័យ ពេលនេះទទួលបានដំណឹងថា វគ្គ៣ នឹងមកដល់រោងកុននៅអំឡុងឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo។

ក្រុមហ៊ុន Walt Disney Co. នៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា «Avatar 3» នឹងត្រូវលើកពេលមួយឆ្នាំ ខណៈដំបូងឡើយគ្រោងបញ្ចំងនៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ហើយពេលនេះត្រូវលើកទៅខែធ្នូ ឆ្នាំ២០២៥។ ក្រៅពីនេះសម្រាប់ «Avatar 4» ឥឡូវនេះគ្រោងនឹងចាក់បញ្ចាំង នៅរោងភាពយន្តក្នុងខែធ្នូ ឆ្នាំ២០២៩ និង «Avatar 5» គ្រោងនឹងមកដល់នៅខែធ្នូ ឆ្នាំ២០៣១។

ប្រសិនបើកាលបរិច្ឆេទទាំងនោះ នឹងនៅតែដំណើរការតាមអ្វីដែលគ្រោងទុក, ខ្សែភាពយន្ដ «Avatar» នឹងអូសបន្លាយពេញ ៤ទសវត្សរ៍ ខណៈអ្នកដឹកនាំរឿង James Cameron ដែលបានចេញរឿង «Avatar» ដំបូងក្នុងឆ្នាំ២០០៩ បាននិយាយថា លោកប្រហែលជាមិនដឹកនាំរឿងវគ្គ៤ និង៥ទេ។ នៅខែធ្នូ ឆ្នាំ២០៣១ លោកនឹងមានអាយុ៧៧ឆ្នាំហើយ។

គួរជម្រាបថា រឿង «Avatar» វគ្គ១ និង «Avatar: The Way of Water» ដែលជាវគ្គ២ រកប្រាក់បានសរុបជាង ៥.២ពាន់លានដុល្លារ ពីការចាក់បញ្ចាំងក្នុងរោងកុនទូទាំងពិភពលោក៕