(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយ The Chinese University of Hong Kong បានបើកវគ្គបណ្តុះបណ្តាលស្តីពី កុលាលភាជន៍ខ្មែរ និងកុលាលភាជន៍ចិន ដល់បុរាណវិទូរបស់អាជ្ញាធរជាតិអប្សរានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអាជ្ញាធរជាតិអប្សរា។

សិក្ខាសាលានេះធ្វើឡើងនាថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៣ គោលបំណងសំខាន់ផ្តោតសំខាន់លើការសិក្សាពីកុលាលភាជន៍ក្នុងវិស័យបុរាណវិទ្យា ការសិក្សាពីកុលាលភាជន៍ខ្មែរ និងការរកឃើញថ្មីៗ ការផលិតនិងការប្រើប្រាស់កុលាលភាជន៍ខ្មែរ កុលាលភាជន៍ចិន និងកុលាលភាជន៍ខ្មែរ កុលាលភាជន៍ចិន និងអង្គរ ការរកឃើញកុលាលភាជន៍អាស៊ីនៅក្នុងនាវាដែលលិចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ល។

លោកស្រី Sharon Wong Wai-yee តំណាងសាកលវិទ្យាល័យចិនហុងកុង នឹងបង្ហាញពីអត្តសញ្ញាណកុលាលភាជន៍ក្នុងរាជវង្សចិននីមួយៗដល់សិក្ខាកាមដែរ ព្រោះដូចយើងបានដឹងរួចមកហើយ ក្នុងពេលធ្វើកំណាយស្រាវជ្រាវ ឬកំណាយសង្រ្គោះនៅក្នុងតំបន់អង្គរ បុរាណវិទូតែងតែប្រទះឃើញបំណែក ឬកុលាលភាជន៍ខ្មែរ និងចិននៅក្នុងស្រទាប់ដី។ បំណែក ឬកុលាលភាជន៍ដែលរកឃើញទាំងនេះអាចនាំឱ្យអ្នកស្រាវជ្រាវអាចកំណត់អាយុកាល ស្រទាប់ដី ឬរមណីយដ្ឋានបានមួយចំណែកធំដែរ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យចិនហុងកុង ដើម្បីសិក្សាស្តីពីឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរនៅសម័យអង្គរ (ពីស.វ.ទី៩ដល់ស.វ.ទី១៤) និងសម័យក្រោយអង្គរ (ស.វ.ទី១៥ដល់ស.វ.ទី១៩) និងទំនាក់ទំនងរវាងអារ្យធម៌ខ្មែរជាមួយអារ្យធម៌ចិន៕