(រ៉ាថាដាម)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បានឡើងទៅឈរចាំមុនសម្រាប់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Nations League 2022-2023 បន្ទាប់ពីបានយកឈ្នះម្ចាស់ផ្ទះទឹកក្រូចហូឡង់ ៤ទល់នឹង២ ក្នុងម៉ោងថែម ១៥នាទី ២ដងក្នុងវគ្គ ៤ក្រុមចុងក្រោយនៅរាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា (ម៉ោងនៅកម្ពុជា)។

នេះជាការឈានទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ធំផ្សេងទៀត គិតចាប់តាំងពីបានចាញ់មាន់គកបារាំង ក្នុងឆ្នាំ២០១៨ នៅរុស្ស៊ីនៃពានបាល់ទាត់ពិភពលោក FIFA World Cup ដែលបានពួកគេបានត្រឹមរងជើងឯកប៉ុណ្ណោះ និងបន្តផ្តល់ការខកចិត្តដល់ហូឡង់ ដែលបានរង់ចាំការឈ្នះពានពអស់រយៈពេល ៣៥ឆ្នាំ គិតចាប់តាំងពួកគេបានឈ្នះពានអឺរ៉ុប European Championships ក្នុងឆ្នាំ១៩៨៨ មក។

ក្រូអាត ដែលមានប្រធានក្រុម Luka Modric ត្រូវរង់ចាំរវាងក្រុមឈ្នះអ៉ីតាលី ឬក្រុមរងជើងឯករដូវកាលមុន អេស្ប៉ាញដែលពួកគេត្រូវប្រកួតបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់នេះ មុនពេលផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា គ្រាដែលហូឡង់រង់ចាំជួបក្រុមចាញ់ ដើម្បីប្រកួតយកចំណាត់ថ្នាក់លេខ៣ ផងនោះ។

ក្នុងប្រកួត ១២០នាទីនោះដែរ កីឡាករ Andrej Kramaric ជាអ្នករកបានគ្រាប់តាមស្មើ ១-១ ឲ្យក្រូអាតដោយបាល់ ១១ម៉ែត្រក្នុងនាទី៥៥ និងជាគ្រាប់ទី២៤ ផងដែរជាមួយជម្រើសជាតិ ដ្បិត Malen ជាអ្នករកគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ហូឡង់តាំងពីនាទី៣៤ នៃកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Rotterdam។ ការប្រកួតឈានដល់នាទី៩៦ ថែមបង្រ្គប់ម៉ោងធម្មតា កីឡាករ Noa Lang ធ្វើបានគ្រាប់តាមស្មើ ២-២ វិញឲ្យហូឡង់ ដែលធ្វើឲ្យការថែម ១៥នាទី ២ដងកើតមាន ឡើង នៅពេល Petkovic និង Modric រកបានម្នាក់ ១គ្រាប់ឈ្នះតែម្តង។

គួរបញ្ជាក់ផងថា នេះជារដូវកាលទី៣ ផងដែរសម្រាប់ពានលីគជម្រើសជាតិអឺរ៉ុប UEFA Nations League គ្រាដែលព័រទុយហ្គាល់ជាជើងឯកជំនាន់ទី១ នាឆ្នាំ២០២១ និងបារាំងជំនាន់ទី២ ក្នុងឆ្នាំ២០២២ កន្លងទៅ៕