(អាំស្ទើដាំ)៖ លោក Maurice Steijn ត្រូវបានប្រកាសតែងតាំងជាគ្រូបង្គោលថ្មី របស់ក្លិបហូឡង់ Ajax Amsterdam លើកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅលីគកំពូលហូឡង់ Eredivisie បន្ទាប់ពីរដូវកាលដ៏លំបាក ដោយពួកគេបានបរាជ័យ ក្នុងការប្រកួតជម្រុះ សម្រាប់ក្របខណ្ឌលីគអឺរ៉ុប Champions League ជាលើកដំបូង ក្នុងរយៈពេល ១៣រដូវកាល។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោក Steijn បានធ្វើឲ្យមានការចាប់អារម្មណ៍កាលពីឆ្នាំមុន ដោយលោកបានដឹកនាំក្រុមមិនសូវខ្លាំង Sparta Rotterdam ឡើងទៅកាន់ការបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ ក្នុងលីគកំពូលហូឡង់ Eredivisie ដែលវាគឺជាលទ្ធផលដ៏ល្អបំផុតរបស់ក្រុម ក្នុងរយៈពេល ២៧ឆ្នាំ។

បើទោះបីជាទទួលបានលទ្ធផលល្អយ៉ាងនេះក្តី, ការតែងតាំងបុរសវ័យ ៤៩ឆ្នាំរូបនេះ ក្នុងការដឹកនាំក្លិប Ajax ដែលបានឈ្នះពានរង្វាន់លីគហូឡង់ ជាមួយកំណត់ត្រាចំនួន ៣៦លើកនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ខណៈលោកបានចំណាយពេលវេលាភាគច្រើន នៃអាជីពគ្រូបង្វឹករយៈពេល ១២ឆ្នាំរបស់លោក នៅឯក្លិបតូចៗ នៅក្របខណ្ឌលីគហូឡង់ ប៉ុណ្ណោះ។

សូមជម្រាបផងថា ក្លិប Ajax បានបណ្តេញអ្នកចាត់ការ John Heitinga ចេញពីតំណែងកាលពីដើមខែនេះ បន្ទាប់ពីដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងតារាងលីគ, មាន ១៣ពិន្ទុ នៅពីក្រោយក្រុមម្ចាស់ពានរង្វាន់ជើងឯកលីគ ក្លិប Feyenoord៕