(ម៉ាទ្រីដ)៖ ក្លិប Real Madrid បានបញ្ជាក់ជាផ្លូវការ អំពីការចុះកិច្ចសន្យានាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham មកពីក្លិប Borussia Dortmund នៅថ្ងៃព្រហស្បតិ៍ លើកិច្ចសន្យាតម្លៃ១០៣លានអឺរ៉ូ (១១១.២៩លានដុល្លារ) បូកនិងប្រាក់បន្ថែម។ នេះបើតាមក្លិបអេស្ប៉ាញ បានបញ្ជាក់ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

Bellingham ដែលនឹងមិនមានឈ្មោះ ក្នុងក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតជម្រុះ Euro 2024 ដោយសារតែរបួសនោះ នឹងត្រូវបង្ហាញជាកីឡាកររបស់ក្លិប Real Madrid នៅរសៀលថ្ងៃព្រស្បតិ៍ (ពេលវេលាក្នុងតំបន់) បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ឆ្នាំ។

Borussia Dortmund បានឲ្យដឹងថា ពួកគេបានសម្រេចកិច្ចព្រមព្រៀងជាមួយ Real Madrid កាលពីសប្តាហ៍មុន នៅក្នុងកិច្ចសន្យាមួយដែលរួមបញ្ចូលទាំងប្រាក់បន្ថែម ដែលអាចនឹងធ្វើឲ្យចំនួននៃការផ្ទេរសរុប កើនឡើងរហូតដល់ ៣០ភាគរយ។

សូមជម្រាបថា Bellingham គឺជាកីឡាករទី ៣ហើយដែលបានចុះកិច្ចសន្យាជាមួយ Real Madrid លើតម្លៃផ្ទេរយ៉ាងតិចបំផុត ១០០លានអឺរ៉ូ បន្ទាប់ពីកីឡាករ Gareth Bale ក្នុងឆ្នាំ២០១៣ និងកីឡាករ Eden Hazard ក្នុងឆ្នាំ២០១៩៕