(ភ្នំពេញ)៖ លោក Felix Dalma គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានពន្យល់ពីមូលហេតុមួយចំនួន ដែលនាំឲ្យលោកសម្រេចចិត្តកោះហៅខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ចូលក្រុមជម្រើសជាតិជាថ្មី ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិទល់នឹងបង់ក្លាដែសនារាត្រីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនានេះ ព្រោះ វឌ្ឍនាកា មានលក្ខខណ្ឌពិសេសលើសពីកីឡាករ ដែលអាចចែករំលែកបទពិសោធន៍ និងផ្ដល់យោបល់ល្អៗ ដល់សិស្សប្អូនជាច្រើនទៀតផង។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានលើកឡើងថា ការជ្រើសរើសកីឡាករ ធម្មតាលោកក៏មានកំហុសដែរ តែជាគោលការណ៍ លោកបានព្យាយាមមើលគ្រប់ស្ថានភាព ទាំងការលេង និងទំនាក់ទំនងផ្សេងៗ ដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ចំពោះ វឌ្ឍនាកា ទាំងការលេង និងការទំនាក់ទំនងផ្សេងៗ គឺល្អ មិនមែនគ្រាន់តែបច្ចេកទេសនោះទេ ទាំងស្មារតី និងចិត្តសាស្ដ្រជាដើម ក៏លោកឃើញគេមានការរីកចម្រើនច្រើនដែរ។

លោកបានបន្ដថា «សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់កន្លងមក ខ្ញុំមើលឃើញ វឌ្ឍនាកា មានការរីកចម្រើន និងការយល់ដឹងពីរបៀបលេងរបស់ក្រុមបានល្អ ទាំងផ្នត់គំនិត និងផ្សេងៗ ហើយពាក់ព័ន្ធនឹងគុណភាពរបស់ វឌ្ឍនាកា គឺយើងបានដឹងហើយ គឺជាកីឡាករដែលមានគុណភាពសម្រាប់ក្រុម ហើយខ្ញុំចង់ឲ្យ ក្រុមជម្រើសជាតិ គឺជាក្រុមមួយ ដែលពោរពេញដោយកីឡាករដែលមានគុណភាព សមត្ថភាពដូចគ្នា»

«តួនាទីរបស់ វឌ្ឍនាកា មិនមែនគ្រាន់តែជាកីឡាករមួយមុខនោះទេ ខ្ញុំចង់ឲ្យ វឌ្ឍនាកា ជួយបង្រៀន ជួយផ្ដល់បទពិសោធន៍ និងប្រឹក្សាយោបល់ ក៏ដូចជាផ្ដល់ដំបូន្មានល្អៗ ដល់កីឡាករក្មេងៗជាច្រើនទៀត ដូចជា សុកុម្ភៈ និង ធារី ផងដែរ។ សម្រាប់ខ្ញុំ ខ្ញុំយល់ថា វឌ្ឍនាកា គឺជាកីឡាករសំខាន់មួយរូប។ អ៊ីចឹងខ្ញុំចង់ឲ្យ វឌ្ឍនាកា ផ្ដល់នូវបទពិសោធន៍ និងផ្នត់គំនិតត្រឹមត្រូវដល់កីឡាករវ័យក្មេងផ្សេងៗទៀត»។ លោក Felix បន្ថែម។

សូមរំឮកថា ដោយសាររបួសរ៉ាំរ៉ៃ បានធ្វើឲ្យ ចាន់ វឌ្ឍនាកា របូតកៅអីជម្រើសជាតិមួយរយៈពេលធំ តែអ្នកគាំទ្រនៅតែចង់ឃើញគេបង្ហាញខ្លួនក្នុងក្រុមគោព្រៃជាថ្មី។ ដោយការខំប្រឹង និងព្យាយាម បានធ្វើឲ្យខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះត្រូវបានកោះហៅជាថ្មី សម្រាប់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្ញៀវបង់ក្លាដែសនាវេលាម៉ោង ៧យប់ ថ្ងៃទី១៥ ខែមិថុនានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមជាមួយកីឡាកររៀមច្បងច្រើនរូបទៀត ដូចជា គួច សុកុម្ភៈ, សុះ ស៊ូហាណា, ធារី ចន្ថាប៊ីន និងអ្នកចាំទី អ៊ុំ វិចិត្រ ជាដើម៕