(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិកម្ពុជា ជួបប្រកួតជាមួយបង់ក្លាដែល នៃជំនួបមិត្តភាពអន្តរជាតិ ខណៈគ្រូជម្រើសជាតិកម្ពុជា លោក Felix Dalmas មានសុទិដ្ឋិនិយមចំពោះកូនក្រុម តែថា ត្រូវប្រើកម្លាំងខ្លាំង ដែលការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង ៧៖០០នាទី ។

លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះកូនក្រុមថា មានភាពរីកចម្រើនជាងមុន ក្រោយប្រមូលផ្ដុំហ្វឹកហាត់ជាមួយគ្នាជិត ១សប្ដាហ៍មកនេះ ។ ប៉ុន្ដែលោកថា ការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិបង់ក្លាដែសស្អែកនេះ នឹងត្រូវប្រើប្រាស់កម្លាំងខ្លាំង ហើយក៏ជំនួបដ៏តានតឹងផងដែរ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមិថុនានេះ លោក Felix បានលើកឡើងថា បន្ទាប់ពីការខំប្រឹងជាខ្លាំង កំឡុងការប្រកួតស៊ីហ្គេម នេះគឺជាការចាប់ផ្ដើមទំព័រថ្មីមួយទៀត ពិសេសសម្រាប់ការវិលត្រឡប់មកដឹកនាំក្រុមគោព្រៃកម្ពុជាជាថ្មី ដែលត្រូវមានការរៀបចំថ្មីជាច្រើន ដូចជាកលល្បិច យុទ្ធសាស្ដ្រ និងតាក់ទិចជាដើម ។ យ៉ាងណាមិញលោកសង្ឃឹមថា នឹងប្រើពេលតិចជាងមុន ក្នុងការរៀបចំក្រុមឲ្យបានល្អប្រសើរ ។

លោកថា «ខ្ញុំបានមើលឃើញកីឡាករថ្មីៗជាច្រើន ក្នុងក្រុម មានទេពកោសលថ្មីៗ ហើយកីឡាករចាស់ៗ ដែលខ្ញុំធ្លាប់ស្គាល់ ក៏មានការរីកចម្រើនជាងមុនដែរ ។ ខ្ញុំសូមអរគុណគ្រូបង្វឹកតាមក្លិបនីមួយៗ ដែលខំប្រឹងបង្ហាត់កីឡាករឲ្យយើងបានជ្រើសរើសមកចូលរួមជម្រើសជាតិ ។ ខ្ញុំមានសុទិដ្ឋិនិយម សម្រាប់កីឡាកររបស់យើង ក៏ដូចជាក្រុមរបស់យើង នឹងអាចធ្វើបានល្អ នាពេលខាងមុខ ឬនាពេលអនាគត»
«សម្រាប់ការប្រកួតជាមួយបង់ក្លាដែសស្អែក ខ្ញុំគិតថា គឺជាការប្រកួតដែលលំបាក ហើយជាការប្រកួតដែលត្រូវការប្រើប្រាស់កម្លាំង និងកាយសម្បទាខ្លាំង ។ ក្រុមបង់ក្លាដែស ក៏មានគ្រូបង្វឹកល្អដូចគ្នា ។ ខ្ញុំគិតថា ជាការប្រកួតដែលតានតឹង ។ អ្វីដែលសំខាន់ គឺជាការប្រកួតដំបូង សម្រាប់ខ្ញុំ ក្នុងការចាប់ផ្ដើមថ្មី ក៏ដូចជាការរៀបចំថ្មី ។ ចឹងយើងសង្ឃឹមថា នឹងធ្វើបានល្អ ហើយពួកយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព» ។ លោក Felix បន្ថែម ។

សូមបញ្ជាក់ផងថា ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងរជ្ជកាលសម្រាប់លោក Felix ក៏ដូចជាកាលពីលោក Keisuke Honda ដឹកនាំក្រុមកម្ពុជា ក៏ធ្លាប់បានជួបប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមភ្ញៀវ បង់ក្លាដែស ចំនួន ២លើកមកហើយ ដោយលទ្ធផលចាញ់បង់ក្លាដែស ១-០ ទាំង ២ប្រកួត ៕