(ភ្នំពេញ)៖ ផលិតកម្ម Wonder Film Entertainment ដែលជាផលិតកម្មភាពយន្តក្នុងស្រុកដ៏មានសក្តានុពលមួយ ក្នុងវិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានការជោគជ័យ ក្នុងការចាក់បញ្ចាំងខ្សែភាពយន្តថ្មីរបស់ខ្លួន កាលពីខេមេសាកន្លងទៅរួចមក ពេលនេះផលិតកម្ម Wonder Film Entertainment បានរៀបចំពិធីសម្ពោធ និងដាក់បញ្ចាំងខ្សែភាពយន្តថ្មីមួយទៀតរបស់ខ្លួន មានចំណងជើងថា «ពពិលខ្មៅ» កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅផ្សារទំនើបជីបម៉ុង ផ្លូវ៣៧១។

អ្នកនិពន្ធ និងជាផលិតករភាពយន្តខ្នាតធំរឿង «ពពិលខ្មៅ» លោក សែម វិសាល បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ភាពយន្តនេះមានគោលបំណងសំខាន់ គឺបង្ហាញពីវត្ថុបុរាណខ្មែរម្យ៉ាង មានឈ្មោះថា «ពពិល» ដែលមហាជនភាគច្រើនមិនសូវចាប់អារម្មណ៍ និងបានដឹង។ ឧបករណ៍ពពិលនេះ គឺមានសារៈសំខាន់ណាស់ ក្នុងចំណែកមួយនៃវប្បធម៌របស់ខ្មែរ ជាពិសេសក្នុងពិធីមង្គលការ និងពិធីផ្សេងៗ ដែលដូនតាខ្មែរពីសម័យដើមបន្សល់ទុកឲ្យ ហើយត្រូវលើកយកមកបង្ហាញក្នុងរឿងនេះ ប្រាប់ពីអត្ថន័យ ការអប់រំ អត្ថប្រយោជន៍ អបិយជំនឿ ដែលជាការគាស់កកាយវប្បធម៌ខ្មែរដ៏ចំណាស់មួយ ឲ្យមហាជនទាំងក្នុងប្រទេស និងក្រៅប្រទេសបានដឹងពីអរីយធម៌របស់ខ្មែរ ពីសម័យដើម។

ខ្សែភាពយន្តរឿង «ពពិលខ្មៅ» គឺជាខ្សែភាពយន្តបែបរន្ធត់ក្នុងគ្រួសារមួយ បន្ទាប់ពីគ្រួសារនោះបានប្ដូរមករស់នៅផ្ទះថ្មី ហើយកូនស្រី ប្អូនស្រី និងប្រពន្ធតែងតែជួបរឿងចម្លែកៗ នៅក្នុងផ្ទះនោះ ប៉ុន្តែ John ដែលជាប្ដីមិនជឿទៅលើរឿងអបិយជំនឿឡើយ ដោយសារតែរូបលោកជាវេជ្ជបណ្ឌិត។ តែអ្វីដែលសំខាន់ ភាពយន្តខ្នាតធំនេះបានរួមបញ្ចូលជាមួយវត្ថុបុរាណខ្មែរគឺ «ពពិល» ជាវត្ថុនាំលាភសំណាងដែលប្រជាជនខ្មែរតែងតែនិយមប្រើក្នុងពិធីមង្គលការ ពិធីសិរីសួស្ដីមង្គលផ្សេងៗ ឬក៏ពិធីបុណ្យផ្សេងៗទៅតាមពិធីការដែលគាត់ចង់បាន ដែលជាចំណែកចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរដ៏សំខាន់ សម្រាប់បង្ហាញទៅប្រទេសជិតខាង។

«ពពិល» គឺជាវត្ថុម្យ៉ាងធ្វើដោយលោហធាតុ មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍​ សម្រាប់បិទទៀនអុជកាន់ហុចបន្តគ្នា បង្វិលបក់ផ្សែងចូលជុំវិញមនុស្ស ឬរបស់អ្វីមួយ ដើម្បីឲ្យកើតសិរីសួស្ដី ដែលពិធីបង្វិលពពិល គឺធ្វើឡើងតាមសណ្ដាប់ព្រាហ្មណ៍សាសនា។ ប៉ុន្តែសម្រាប់ពពិលនៅក្នុងរឿងនេះវិញ គឺត្រូវបានបញ្ចូលមន្តអាគម បានក្លាយទៅជាពពិលគួរឲ្យរន្ធត់ព្រឺព្រួច។

លោកបានបន្តថា សម្រាប់ភាពយន្តនេះ គឺមានការប្រឹងប្រែងតស៊ូផលិតឡើងយ៉ាងលំបាក ព្រោះដូចដឹងស្រាប់ហើយក្នុងអំឡុងពេលមួយឆ្នាំមុននោះ គឺស្ថានភាពនៃជំងឺកូវីដបានរាតត្បាតខ្លាំង រហូតមានតួសម្ដែងខ្លះបានឆ្លងជំងឺនេះ ហើយត្រូវបានផ្អាកមួយរយៈសិនក៏មានដែរ។ ប៉ុន្តែអ្នកដែលបានឆ្លងកាត់នូវពេលវេលាដ៏លំបាកនោះ គឺជាការចងចាំមួយដ៏ល្អ ក្រុមការងារបានខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីចូលរួមបញ្ចប់ភាពយន្ត ពពិលខ្មៅ ប្រកបដោយភាពជោគជ័យ ទាំងតារាសម្ដែង និងអ្នកបច្ចេកទេស។

អ្វីដែលផលិតករភាពយន្តរូបនេះ រំពឹងទុកនោះ គឺនឹងទទួលបាននូវការចូលរួមគាំទ្រ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជួយលើកស្ទួយស្នាដៃភាពយន្តខ្មែរ ស្នាដៃកូនខ្មែរដែលបានតស៊ូផលិតឡើង ប្រកបដោយឆន្ទៈមោះមុត ជាពិសេសនឹងទទួលបានការផ្ដល់មតិ និងគំនិតកែលំអល្អៗពីសំណាក់មហាជន និងរៀមច្បងសិល្បៈ ដើម្បីឲ្យវិស័យភាពយន្តខ្មែរកាន់តែរីកចម្រើន ទាំងក្នុងឆាកជាតិ និងអន្តរជាតិ។ ម្យ៉ាងទៀត ក៏ដើម្បីឲ្យផលិតកររិះរកនូវគំនិត និងទស្សនីយភាពថ្មីៗ មកបំពេញតាមតម្រូវការរបស់មហាជន ក្នុងន័យឲ្យវិស័យភាពយន្តខ្មែរ កាន់តែមានដំណើរការយ៉ាងរលូន ក្នុងពេលវេលាដ៏វែងឆ្ងាយទៅមុខបន្ថែមទៀត។

សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង «ពពិលខ្មៅ ឬ Malicious» នឹងចាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះតទៅ នៅគ្រប់រោងភាពយន្តទូទាំងរាជធានី និងខេត្ត។ ខ្សែភាពយន្តខ្មែរខ្នាតធំមួយនេះ ត្រូវបានគ្រប់គ្រងការផលិតដោយលោក ស៊ុន គីមហួរ, និពន្ធ និងដឹកនាំរឿងដោយលោក សែម វិសាល និងផលិតដោយផលិតកម្ម វ័នឌ័រ ហ្វីម អេនធើធេនម៉ិន រួមសហការជាមួយ អឺរាយ ភីកល័រ៕