(ឡុងដ៏)៖ ក្លិប Aston Villa បានសម្រេចកិច្ចព្រមព្រៀងក្នុងការនាំយកខ្សែបម្រើ Youri Tielemans បន្ទាប់ពីកីឡាកររូបនេះ ផុតកិច្ចសន្យាជាមួយក្លិប Leicester City ដែលបានធ្លាក់ទៅលេងនៅលីគទី២ Championships នៅរដូវកាលក្រោយនោះ។

បុរសវ័យ ២៦ឆ្នាំសញ្ជាតិប៊ែលហ្ស៊ិក និងបង្ហាញខ្លួនផ្លូវការជាមួយក្លិប Aston Villa នៅថ្ងៃទី០១ ខែកក្កដា ដែលនៅតែជាសមាជិកលេងក្នុងលីគអង់គ្លេស Premier League 2023-24 ក្រោយពេលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧ រដូវកាល២០២២-២៣ និងមានឱកាសលេងវគ្គជម្រុះពាន Europa Conference League រដូវកាលក្រោយ។

Tielamans ក៏ទទួលបានពាក្យចចាមអារ៉ាមថា មានការចាប់អារម្មណ៍ពីក្លិបធំៗ Arsenal, Manchester United, Roma ផងដែរ។

ស្ថិតក្នុងការលេងជាមួយក្លិបកញ្ជ្រោងខៀវ Leicester City ខ្សែបម្រើ Tielamans បានរួមចំណែងជួយឲ្យក្លិបឈ្នះពានរង្វាន់ FA Cup, FA Community Shield នាមជាកីឡាករលេងបាន ១៩៥ប្រកួតរកបាន ២៨គ្រាប់ បន្ទាប់ពីបានមកចូលរួមលើការផ្ទេរពីក្លិប Monaco ក្នុងតម្លៃ ៤០លានផោនកាលឆ្នាំ២០១៩៕