(ភ្នំពេញ)៖ Julian Alvarez ត្រូវបានកត់ត្រាចូលក្នុងបញ្ជីប្រវត្តិសាស្ត្រឯកទគ្គកម្មដំបូងមួយ ក្នុងរយៈពេលត្រឹមតែ ៦ខែ មានវ័យ ២៣ឆ្នាំ បានក្លាយជាកីឡាករបាល់ទាត់តែម្នាក់ដំបូងគេ ឈ្នះពានលីគតំបន់អឺរ៉ុប និងកម្រិតពានពិភពលោក World Cup ក្នុងសម័យកាលតែមួយ នាមជាកីឡាករលេងឲ្យក្លិប Manchester City និងជម្រើសជាតិអាហង្ស់ទីន ដោយក្នុងរដូវកាលនេះរូបគេឈ្នះពានក្របខណ្ឌលីគធំៗ ៤ម្នាក់ឯង។

Alvarez បានសាងភាពជោគជ័យនាមជាកីឡាករសញ្ជាតិអាហ្សង់ទីន មានវ័យ ២៣ឆ្នាំ ជាខ្សែប្រយុទ្ធម្នាក់ដែលបានឈ្នះពានកម្រិតលីគលំដាប់ទី១ អឺរ៉ុប UEFA Champions League 2022-23 ជាមួយពានលីគអង់គ្លេស Premier League, FA Cup ក៏ដូចជាពានពិភពលោក World Cup 2022 រួមនិងពានប្រចាំតំបន់ Copa America 2021។

ក្លិប Manchester Ciy បានឈ្នះពានរង្វាន់លីគកំពូលអឺរ៉ុប UEFA Champions Laegue 2022-23 ជាលើកដំបូងនៃប្រវត្តិសាស្រ្តក្លិបក្រោមការដឹកនាំយ៉ាងបានល្អរបស់លោក Pep Guradiola បន្ទាប់ពីបានយកឈ្នះក្រុម Inter Milan ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។

១គ្រាប់ជ័យជម្នះធ្វើបានដោយកីឡាករ Rodri នៅនាទី៦៨ ក្នុងការលេងយ៉ាងស្វិតស្វាញនៅកីដ្ឋាន Ataturk ខណៈតាមរយៈជ័យជម្នះនេះធ្វើឲ្យ Man City តាមទាន់កំណត់ត្រា Man United ដែលឈ្នះពាន ៣ក្នុងមួយរដូវកាលឆ្នាំ១៩៩៩ ដែលដឹកនាំដោយលោក Sir Alex Ferguson។

នេះជាការឈ្នះពាន ៣ ក្នុងមួយរដូវកាលរបស់ក្លិប Man City ស្ថិតក្នុងទីក្រុង Manchester ស្ថិតក្រោមការដឹកនាំយ៉ាងល្អរបស់លោក Pep Guradiola មានការឈ្នះពានជើងឯកលីគអង់គ្លេស Premier League, FA Cup និងពាន UEFA Champions League៕