(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ មានចាត់ទុកការលេងកីឡា គឺដើម្បីទទួលបានសុខភាពល្អ សុខមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងចំណងមិត្តភាព សាមគ្គីភាព។

លោកថ្លែងបែបនេះក្នុងពិធីអបអរសាទរបិទការប្រកួតកីឡាប៉េតង់ពានរង្វាន់លោក ម៉ែន វុទ្ធី ទីប្រឹក្សាព្រះបរមរាជវាំង រាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ធំ។

លោកបន្ថែមថា ការប្រកួតកីឡានេះគឺមានគោលបំណងចង់ឲ្យយុវជនជំនាន់ក្រោយខិតខំប្រឹងប្រែងលើកស្ទួយវិស័យកីឡាជាតិឈានទៅពង្រឹង និងពង្រីកបានទាំងផ្នែកបរិមាណ និងគុណភាពប្រកបដោយថាមពល និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ។

លោក ឌី បូរីម៉ា តំណាងក្រុមកីឡាករដែលទទួលបានជ័យលាភី បានអំពាវនាវទៅដល់យុវជនទាំងអស់ឲ្យចូលរួមលេងកីឡាឲ្យស្របទៅនឹងការរៀបចំដាក់ពាក្យស្លោក អបអរសាទរយុទ្ធនាការចលនាប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ដើម្បីឲ្យប្រជាជនគ្រប់រូបចូលរួមស្រឡាញ់ចូលចិត្ត គាំទ្រ និងលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងសុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តមានជីវភាពល្អប្រសើរ សាម្គីភាព ប្រកបដោយបរិយាបន្នសុខដុមរមនីយកម្មក្នុងសង្គម។

លោក អ៊ាប ឈុនស្រៀង អ្នកដឹកនាំការប្រកួតប៉េតង់បានលើកឡើងថា ការប្រកួតនេះកើតកើតឡើងដោយសារប្រទេសជាតិមានការរីកចម្រើនក្នុងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ហើយក្រោមការឧបត្ថម្ភគាំទ្រពីលោក ម៉ែន វុទ្ធី ទីប្រឹក្សាព្រះបរមរាជវាំងបានឧបត្ថម្ភថវិកា ដើម្បីឲ្យដំណើរការប្រកួតកីឡាប៉េតង់នេះ គឺដើម្បីពង្រឹងការប្រកួត ហើយជាការដោះដូរបទពិសោធន៍ពីគ្នាទៅវិញទៅមកឲ្យមានការរីកចម្រើន។

លោក ឌី បូរីម៉ា តំណាងក្លឹបសន្តិភាព បានបង្ហាញនូវបទពិសោធន៍ខ្លះៗដែលទទួលបាននូវការទទួលជ័យជម្នះ គឺពួកគាត់បានសាមគ្គីភាពផ្ទៃក្នុងបានល្អ និងមានថ្នាក់ដឹកនាំល្អមានការរួបរួមគ្នាល្អជាកត្តាជ័យជម្នះ។ លោកបន្តថា កីឡាត្រូវបានរាជរដ្ឋាភិបាលលើកកម្ពស់ជាពិសេស គឺបានបង្កើតនូវព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម កម្ពុជាត្រូវបានគេស្គាល់លើឆាកអន្តរជាតិ ហើយជាពិសេសនោះគឺសូមអំពាវនាវទៅដល់យុវជនទាំងអស់ត្រូវឆ្ងាយពីគ្រឿងញៀនចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព ភាតរភាពផងដែរ។

លោកបានបញ្ជាក់ទៀតថា ក្រុមកីឡាករមិនបានគិតអំពីពានរង្វាន់ថាតូចឬធំនោះទេ គឺកីឡាករបានខិតខំប្រឹងប្រែងជាក្រុមឲ្យបានល្អបំផុត ទោះបីជាបានកម្រិតណាក៏ដោយ គឺពួកគេបានខិតខំលេងជាក្រុមខិតខំលេងឲ្យបានល្អបំផុត គឺឈរលើគោលការណ៍ស្រឡាញ់កីឡា ស្រលាញ់ប៉េតុង។

លោក ណឹម ចាន់ថា តំណាងក្លឹបទទួលបានជ័យលាភីលេខ២ ក្លឹបមន្ទីររ៉ែ និងថាមពល បានលើកឡើងអំពីការសោកស្ដាយ ក៏ប៉ុន្តែលោកទទួលយកនូវលទ្ធផលដោយអស់ចិត្ត ព្រោះថានេះជាលទ្ធផលមួយដែលការខិតខំប្រឹងប្រែងបានត្រឹមកម្រិតហ្នឹង ហើយជាពិសេសនោះគឺក្រុមរបស់ក្លឹបរបស់លោកនឹងខិតខំបន្ថែមទៀត ដើម្បីទទួលបានជ័យជម្នះ ហើយក៏សូមអំពាវនាវទៅដល់យុវជនទាំងអស់ចូលរួមលេខកីឡា ដើម្បីសុខភាពក៏ដើម្បីភាពរីកចម្រើនរបស់យើងផងដែរ។

គួរបញ្ជាក់ថា កីឡាប៉េតង់ពានរង្វាន់លោក ម៉ែន វុទ្ធី ដែលមាន៥ខេត្តចូលរួម៖ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ក្នុងគោលបំណងប្រកួតប្រជែងយកលេខ១លេខ២ និងលេខ៣ លើវិញ្ញាសា៣នាក់ទល់នឹង៣នាក់ ក្នុងនោះមានក្លឹបចូលរួមចំនួន១៥ក្លិបស្មើ៣២ក្រុម ដោយបែងចែកជា៨ពូល កីឡាករមានចំនួន១២៨នាក់ គណៈកម្មការបច្ចេកទេសចំនួន៥នាក់ សរុប១៣៣នាក់។ ជាលទ្ធផល ជ័យលាភីលេខ១ ក្លឹបសន្តិភាព ជ័យលាភីលេខ២ ក្លឹបមន្ទីររ៉ែនិងថាមពល និងជ័យលាភីលេខ៣ ក្លឹបអាចារ្យលាក់៕