(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ស ឡុងដេត មន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ដែលបំភ្លៃការពិត មួលបង្កាច់ចំពោះស៊ីហ្គេម។

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានលើកឡើងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បុគ្គល ស ឡុងដេត បាននិយាយជាសាធារណៈនៅក្នុងបន្ទប់ប្រជុំមួយ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបានលើកឡើងថា “ស៊ីហ្គេម (របៀបចំដោយ គ.ជ.ប.អ.) ទាំងមូលមិនដែលបានបង្ហាញអំពីវប្បធម៌ពីប្រពៃណី បង្ហាញពីសក្តានុពល នៃវប្បធម៌សេដ្ឋកិច្ចរបស់ ខ្មែរទេ... “ និង “មានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះបានទៅមើល (ព្រឹត្តិការណ៍ស៊ីហ្គេម) និង “អ្វីៗជារឿង ក្លែងក្លាយទាំងអស់។

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បានចាត់ទុកថា ខ្លឹមសារទាំងនេះ គឺជាការបំផ្លើស ខុសពីការពិតទាំងស្រុង ក្នុងគោលបំណង គេងចំណេញ ខាងនយោបាយ បង្ខូចកិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ប.អ. និងជាពិសេស កិច្ចខិតខំប្រឹងប្រែងនិងជោគជ័យដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹងនាំ ដ៏ខ្ពង់ខ្ពស់នៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលទើបចប់ថ្មីៗនេះ។

ក្នុងនាមស្ថាប័នទទួលភារកិច្ចដោយផ្ទាល់ ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងដ៏ជោគ ជ័យជាទីមោទកភាពនេះ គ.ជ.ប.អ. សូមបដិសេធទាំងស្រុងការលើកឡើងបែបអគតិទាំងនេះ និង សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ស ឡុងដេត នេះ៕

ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍៖