(សិង្ហបុរី)៖ កីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា ឌិត សំណាង ដណ្ដើមបានមេដាយប្រាក់ នៃព្រឹត្តិការណ៍កីឡាចំបាប់ឆ្នេរខ្សាច់ពិភពលោក (Beach Wrestling World Series 2023 in Singapore) នៅល្ងាចថ្ងៃទី១១១ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅប្រទេសសិង្ហបុរី។

តាមការបញ្ជាក់របស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាអ្នកឧបត្ថម្ភដល់បេសកកម្មរបស់ប្រតិភូ និងអត្តពលិកកម្ពុជាខាងលើ បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានបញ្ចូនកីឡាករ-កីឡាការិនីចូលរួមប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់ពិភពលោកនេះ។

ជាលទ្ធផលកីឡាការិនី ឌិត សំណាង ធ្វើបានយ៉ាងល្អ ដោយទទួលបានមេដាយប្រាក់ បន្ទាប់ពីឆ្លងកាត់ប្រកួតដ៏ស្វិតស្វាញចំនួន ៦ប្រកួត ពោលគឺបានយកឈ្នះកីឡាការិនីអាហ្វ្រិក កេនយ៉ា បារាំង អេស្ប៉ាញ និងកីឡាការិនីចិន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែសោកស្ដាយប្រកួតចុងក្រោយ សំណាង ចាញ់កីឡាការិនីរ៉ូម៉ានី Priceputu នៅផ្ដាច់ព្រ័ត្រ។

យ៉ាងណាក្ដី អនុប្រធានសហព័ន្ធខាងលើ បានចាត់ទុកនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់វិស័យកីឡាចំបាប់កម្ពុជា ។ អ្វីដែលពិសេស គឺជោគជ័យរបស់កីឡាការិនី ឌិត សំណាង នេះ បានធ្វើឲ្យនាងទទួលបានកៅអីចូលរួមការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៣ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាខែសីហាខាងមុខ។

សូមបញ្ជាក់ថា ក្នុងការប្រកួតឆ្នេរខ្សាច់ពិភពលោកខាងលើ កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៦រូប ទៅចូលរួមប្រកួត ក្នុងនោះមានកីឡាករ ៣រូប ( ហេង វុទ្ធី ឈឿន ឈាង និង ឆាំ ពិស៊ិន) និងកីឡាការិនី ២នាក់ (ឌិត សំណាង និង សឿន នឿន) ។ ការប្រកួតនៅសិង្ហបុរីនេះ មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២៣ នេះ៕