(ភ្នំពេញ)៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១១ ដែលរៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅមុខព្រះបរមរាជវាំង ដោយមានអ្នកចូលរួមសរុបជាង ៣,៩០០នាក់ មកពី ៤៥ប្រទេស ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំនេះ រៀបចំឡើង ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ។ លោកបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងបញ្ចប់ដោយជោគជ័យ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា ជាមួយការរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ទ្រង់តែងយកព្រះទ័យទុកដាក់ដល់កូនចៅជានិច្ច ក្នុងការរៀបចំរៀងរាល់ឆ្នាំ ហើយទ្រង់ក៏តែងសព្វព្រះរាជហឬទ័យប្រោសព្រះរាជថវិកាដ៏ខ្ពង់ខ្ពស់បំផុតដល់គណៈកម្មការរៀបចំ ដើម្បីជំរុញឲ្យការរៀបចំមានគុណភាព និងកាន់តែល្អប្រសើរទៀតផង ។

លោកបន្ដថា «យើងបានទទួលជោគជ័យនៅព្រឹកនេះ គឺមិនមានអ្វីកើតឡើងទេ ប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ រត់ដោយសប្បាយរីករាយ ស្នាមញញឹម សាមគ្គីភាព មិត្តភាព និងបាននូវការកសាងនូវជំនឿចិត្តជាមួយគ្នាទៅវិញទៅមក ក្នុងការចូលរួមលេងកីឡា ដើម្បីកាត់បន្ថយការប្រើប្រាស់សេវាសុខភាពសាធារណៈ ពិសេសដើម្បីបង្កើននូវគុណភាពកម្លាំងកាយ កម្លាំងចិត្ត និងបំនិនជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប»

សូមបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១១ ឆ្នាំ២០២៣ នេះ ក្រៅពីវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ គណៈកម្មការរៀបចំ ក៏បានបន្ថែមនូវវិញ្ញាសារត់ចម្ងាយ ២,៥០០ម៉ែត្រ ដើម្បីផ្ដល់ឱកាស និងលើកទឹកចិត្តដល់កុមារ ក៏ដូចជាយុវជនបានចូលរួមរត់កម្សាន្ដផងដែរ ៕