(សៀមរាប)៖ ដើមរដូវវស្សាបានចូលមកដល់ មានភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យរុក្ខជាតិ ដើមឈើរីកលូតលាស់ត្រួយ ស្លឹកបៃតងខៀវខ្ចី ខ្លះចេញផ្កាចម្រុះពណ៌នាំឱ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត ផ្នែកមួយនៃរមណីយដ្ឋានអង្គរ កាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀត។

ការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា លើសកម្មភាពសម្អាត ដាំស្មៅ កាត់ស្មៅ ដាំដើមឈើ និងថែរក្សាដើមឈើដែលមានស្រាប់ ការងារថែទាំជាប្រចាំ កាន់តែមមាញឹកបន្ថែមទៀតនៅរដូវវស្សា រឹតតែលើកតម្លៃអង្គរឱ្យលេចធ្លោមួយកម្រិតថែមទៀត។ ភ្ញៀវទេសចរ ដែលមកទស្សនាប្រាង្គប្រាសាទនៅតំបន់អង្គរនារដូវនេះ នឹងទទួលបានអារម្មណ៍ថាអស្ចារ្យជាមួយនិងធម្មជាតិ និងវប្បធម៌នៃអតីតក្រុងអង្គរ៕