(ប៉េកាំង)៖ តារាបាល់ទាត់អាហ្សង់ទីន Lionel Messi បានធ្វើដំណើរទៅដល់ទីក្រុង Beijing ប្រទេសចិនហើយ នៅថ្ងៃសៅរ៍ សម្រាប់ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ មុនពេលបញ្ចប់អាជីពបាល់ទាត់ នៅតំបន់អឺរ៉ុប ដើម្បីទៅចូលរួមជាមួយក្លិបអាមេរិក Inter Miami លេងនៅលីគ Major League Soccer ក្នុងការផ្ទេរដោយឥតបង់ថ្លៃ។ នេះបើយោងតាមសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

ការធ្វើដំណើរទៅដល់របស់លោក ត្រូវបានប្រកាសនៅក្នុងការបង្ហោះមួយ លើបណ្តាញសង្គម Weibo របស់ស្ថាប័នរៀបចំ International Football Invitation ជាមួយនឹងវីដេអូ នៃការចុះពីលើយន្តហោះ របស់កីឡាករ, មុនពេលការប្រកួតមិត្តភាព រវាងអាហ្សង់ទីន និងអូស្ត្រាលី នាថ្ងៃព្រហស្បតិ៍ នៅរដ្ឋធានីរបស់ចិន។

Messi ដែលបានលើកពានរង្វាន់ World Cup នាប្រទេសកាតា កាលពីខែធ្នូឆ្នាំមុន បានបញ្ជាក់នៅសប្តាហ៍នេះថា លោកនឹងចាកចេញពីក្លិបម្ចាស់ពានរង្វាន់ជើងឯកបារាំង Paris St Germain ដើម្បីចូលរួមលេងជាមួយលីគអាមេរិក។

ដំណើរនាពេលនេះ គឺជាដំណើរទស្សនកិច្ចលើកទី៧ហើយ របស់កីឡាករប្រធានក្រុមអាហ្សង់ទីន ទៅកាន់ប្រទេសចិន។

សូមជម្រាបថា អូស្ត្រាលី និងអាហ្សង់ទីន បានជួបគ្នា កាលពីពេលមុន នៅឯព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២​ នៅប្រទេសកាតា ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយក្នុងនោះ Messi បានរកគ្រាប់បាល់ផងដែរ ខណៈក្រុមរបស់លោក បានយកឈ្នះ២-១៕