(ភ្នំពេញ)៖ សមិទ្ធិផលដ៏លេចធ្លោបំផុតរបស់ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈក្នុងស្រុកឈានមុខគេ បានឈ្នះមេដាយមាសរហូតដល់៣៣គ្រឿង ពីស្ថាប័នវាយតម្លៃគុណភាព ស្តង់ដារកម្រិតពិភពលោក Monde Selection ពីសហភាពអឺរ៉ុប។

ខ្មែរ ប៊ែវើរីជីស នាព្រឹកថ្ងៃទី១០ ខែមិថុនា បានតម្រៀបតាំងបង្ហាញ និងធ្វើសន្និសីទសារព័ត៌នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមការចូលរួមពី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ភ្ញៀវជាតិនិងអន្តរជាតិ ដើម្បីជាការអបអរសាទរដល់ការឈ្នះរង្វាន់មេដាយមាសផង ក៏ដូចជាចូលរួមផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀតពីផលិតផលក្នុងស្រុកដែលមានគុណភាពទទួលស្គាល់ដោយគ្រប់ប្រជាជាតិលើពិភពលោក។

នាឱកាសនេះដែរ អ្នកឧកញ៉ា លាង ម៉េង បានថ្លែងថា «ខ្មែរ ប៊ែវើរីជីស វិនិយោគផ្តោតលើចក្ខុវិស័យវែងឆ្ងាយ ដើម្បីធានាថាជោគជ័យដែលយើងទទួលបាន គឺនឹងនៅស្ថិតស្ថេររាប់រយឆ្នាំទៅមុខ ហើយនៅតែឈរជើង ក្នុងទីផ្សារយ៉ាងរឹងមាំក្នុងវិស័យឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈកម្រិតអន្តរជាតិ»

បន្ថែមពីនេះទៀត អំឡុងពេលទៅទទួលមេដាយមាស ពីស្ថាប័ន Monde Selection នៅប៊ែលហ្សិក ថ្នាក់ដឹកនាំកំពូល ក៏បានទៅជួបពិភាក្សាជាមួយក្រុមហ៊ុនយក្សលំដាប់ពិភពលោក និងឈរឈ្មោះលេខ១ រាប់រយឆ្នាំ ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ផ្គត់ផ្គង់គ្រឿងផ្សំលំដាប់លេខ១ ប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែទំនើបដាច់គេ និងបំពាក់នូវគ្រឿងចក្រខ្នាតធំ ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈគ្រប់ប្រភេទឱ្យកាន់តែមានគុណភាពស្តង់ដារអន្តរជាតិ៕