(បរទេស)៖ តារាចម្រៀងដ៏ល្បីរបស់អាមេរិក Charlie Puth ត្រូវបានរាយការណ៍មកថា នឹងធ្វើការប្រគំតន្ត្រីនៅ Singapore Indoor Stadium នាខែតុលាខាងមុខនេះ ខណៈតម្លៃសំបុត្រសម្រាប់ចូលទស្សនា នឹងមានតម្លៃចាប់ពី ១២៨ដុល្លារសិង្ហបុរី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមគេហទំព័រទិញសំបុត្រ Ticketmaster ព័ត៌មានលម្អិតបន្ថែម រួមទាំងផែនទីកន្លែងអង្គុយនៃការប្រគំតន្ត្រី និងតម្លៃសំបុត្រពេញលេញ នឹងត្រូវបានប្រកាសនៅពេលក្រោយ។ ការប្រគំតន្ត្រីនេះនឹងមានការលក់មុនមួយចំនួន មុននឹងការលក់ទូទៅចាប់ផ្តើមនៅថ្ងៃទី១៥ ខែ មិថុនា។

គួរជម្រាបថា តារាចម្រៀងល្បីអាមេរិក Puth បានចាប់ផ្តើមអាជីពរបស់លោកនៅឆ្នាំ២០០៩ ហើយចាប់តាំងពីពេលនោះមក លោកបានទទួលនូវប្រជាប្រិយភាពជាខ្លាំង ខណៈស្នាដៃចម្រៀងរបស់លោកជាច្រើនទទួលបានពានរង្វាន់ ក្នុងនោះមាន៤បទ ត្រូវបានតែងតាំងសម្រាប់ពាន Grammy ផងដែរ៕