(បរទេស)៖ ថ្មីៗនេះ Apple ទើបតែបញ្ចេញកំណែអាប់ដេតជំនាន់ចុងក្រោយ iOS 17 ជាមួយនឹងមុខងារថ្មីមួយចំនួនគួរឱ្យកត់សម្គាល់ក្នុងនោះរួមមាន មុខងារ StandBy mode, NameDrop និង Live Voicemail សម្រាប់អ្នកប្រើប្រាស់ iPhone តែចូលរួមសោកស្តាយដល់ម៉ូដែល iPhone មួយចំនួននឹងមិនទទួលបានការធ្វើបច្ចុប្បន្នភាពនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

ជាទម្លាប់របស់ Apple រាល់ពេលដែលបញ្ចេញកំណែ iOS ជំនាន់ថ្មី គ្រប់ម៉ូដែល iPhone ចាស់ៗនឹងមិនអនុញ្ញាតឱ្យទទួលបានការធ្វើបច្ចុប្បន្នភាពនោះទេ។ ប្រភពដដែលបានឱ្យដឹងថា លើកនេះក៏មិនខុសពីរាល់ឆ្នាំដែរ សម្រាប់អ្នកប្រើប្រាស់ iPhone X និងចាប់ពី iPhone 8 និង iPhone 8 Plus ចុះក្រោមមិនទទួលបានកំណែថ្មីនេះឡើយ។

តែយ៉ាងណាសម្រាប់ត្រកូល SE ហាក់មិនមានឧបសគ្គនោះទេក្នុងនោះម៉ូដែល iPhone SE ជំនាន់ទី២ និងជំនាន់ទី៣ នឹងនៅតែត្រូវបានគាំទ្រដូចរាល់ឆ្នាំអ៊ីចឹង។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ដែលចង់តំឡើងទៅ iOS 17 ចាប់ពី iPhone XS ឡើងទៅនឹងនៅតែអាចតំឡើងបានដូចធម្មតា៕