(ឡុងដ៏)៖ លោក Ange Postecoglou ក្លាយជាគ្រូបង្វឹកថ្មីក្លិប Tottenham Hotspur មានកិច្ចសន្យា ២ឆ្នាំ ក្នុងការដឹកនាំក្រុមលេងស្ថិតនៅលីគកំពូលអង់គ្លេស Premier League 2023-24, នេះបើតាមប្រភពពី BBC នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។

លោក Ange Postecoglou មានវ័យ ៥៧ឆ្នាំសញ្ជាតិអូស្ត្រាលី ធ្លាប់ដឹកនាំក្រុមលីគស្កុតឡេន Celtic ឈ្នះពានលីគ Scottish Premiership ២លើក, Scottish Cup ១លើល និងពាន Scottish League Cup ២លើក។

នេះជាការរកបានគ្រូបង្វឹកថ្មី សម្រាប់ក្លិបមាន់ខ្នាយមាស Spurs បន្ទាប់ពីលោក Antonio Conte បានចាកចេញកាលពីខែមីនា ដ្បិតបានតែងតាំងលោក Cristian Stellini និងលោក Ryan Mason ជាគ្រូបណ្តោះអាសន្ន។

លោក Ange Postecoglou បានក្លាយជាគ្រូបង្វឹកអចិន្ត្រៃយ៍ទី៤ របស់ក្លិប Spurs បន្ទាប់ពីលោក Jose Mourinho, Nuno Espirito Santos និងលោក Antonio Conte ក្រោយពេលក្លិបបានបណ្តេញលោក Mauricio Pochettino កាលឆ្នាំ២០១៩។

រំលឹកផងថា សម្រាប់ការប្រកួតប្រជែងនារដូវកាល ២០២២-២៣ ក្នុងលីគអង់គ្លេស ក្លិប Spurs បានបញ្ចប់នៅចំណាត់ថ្នាក់ទី៨ គ្មានកៅអីលេងពានលីគលំដាប់កំពូលរបស់អឺរ៉ុបរដូវកាលក្រោយនោះទេ៕